ក្រុមហ៊ុនចិន ចង់វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា ក្រោយសម្លឹងឃើញសក្តានុពលពែ្រកជីកហ្វូណន

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនធំមួយរបស់ចិន Shanghai Hantang Shipping បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា ក្រោយពេលសម្លឹងព្រែកជីកហ្វូណនតេជោ។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក Fan Jinsheng ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Shanghai Hantang Shipping (SHS) Co., Ltd. កាលពីសប្តាហ៍មុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បញ្ជាក់ថា ដោយមើលឃើញអំពីសក្តានុពល និងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាច្រើននៅកម្ពុជា ក្រុមហ៊ុនមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទិកនៅប្រទេសកម្ពុជា។ ជាមួយគ្នានេះ, ផ្អែកលើសក្តានុពលនៃការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យឡូជីស្ទិកនៅកម្ពុជា, លោកក៏បានសាទរចំពោះកម្ពុជា ដែលបានកសាងព្រែកជីកហ្វូណនតេជោ ខណៈលោកថា ព្រែកជីកហ្វូណនតេជោ មានសក្តានុពលដ៏ធំធេងក្នុងការទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា ពិសេសលើវិស័យឡូជីស្ទិក និងការដឹកជញ្ជូនតាមនាវាចរណ៍។

ជាការឆ្លើយតប សម្ដេចធិបតី ចំពោះចំណាប់អារម្មណ៍ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា។ សម្ដេចថា វិស័យឡូជីស្ទិកជាវិស័យដ៏មានសារៈសំខាន់ ដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញការអភិវឌ្ឍវិស័យនេះឱ្យកាន់តែប្រសើរឡើង​ ក្នុងទិសដៅពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា។ សម្ដេច បន្ថែមថា ការកសាងព្រែកជីកហ្វូណនតេជោ ជាគំនិតផ្ដួចផ្ដើមជាប្រវត្តិសាស្ត្រក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា ដែលនឹងផ្លាស់ប្តូរជាមូលដ្ឋាននូវទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជា តាមរយៈការតភ្ជាប់ប្រព័ន្ធផ្លូវទឹកក្នុងស្រុកទៅកាន់តំបន់ឆ្នេរសមុទ្រ។

សម្ដេចធិបតីបានសង្កត់ធ្ងន់បន្ថែមថា កម្ពុជាមិនត្រឹមតែកសាងព្រែកជីកជារូបវន្តប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងកសាងនូវច្រករបៀងសេដ្ឋកិច្ចដ៏ឆ្លាតវៃ និងទំនើប ផងដែរ។សម្ដេចជំរុញក្រុមហ៊ុនបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគជាក់ស្ដែងនៅកម្ពុជា។

សូមជម្រាបដែរថា ក្រុមហ៊ុន Shanghai Hantang Shipping ជាក្រុមហ៊ុនផ្តល់សេវាកម្មឡូជីស្ទិក និងនាវាចរណ៍ដ៏ឈានមុខគេ ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ នៃប្រទេសចិន។ អាជីវកម្មស្នូលរបស់ក្រុមហ៊ុន គឺផ្តោតលើការដឹកជញ្ជូនតាមផ្លូវសមុទ្រ, ការសាងសង់​​ និងរចនានាវា, ព្រមទាំងផ្គត់ផ្គង់សេវាកម្មឡូជីស្ទិកពីដើមដល់ចប់ (End to End Logistics)៕អត្ថបទ៖ហ្សាលីន