(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រួមជាមួយនឹង ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ អន្តរក្រសួងពិភាក្សាស្តីពី គម្រោងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសនៅកម្ពុជាដំណាក់កាលទី២។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការដឹកនាំការងារថ្នាក់ជាតិនៃគម្រោង ICONE II និង ឯកឧត្តម Stefan Messerer ឯកអគ្គរាជទូតអាល្លឺម៉ងប្រចាំនៅកម្ពុជា។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃគម្រោង មន្ត្រីពាក់ព័ន្ធនៃស្ថានទូតអាល្លឺម៉ងប្រចាំនៅកម្ពុជា ក្រុមការងារនៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង (GIZ) និងអ្នកពាក់ព័ន្ធនឹងគម្រោងមួយចំនួនទៀត។
សូមជម្រាបថា កិច្ចប្រជុំនេះមានគោលបំណងចម្បងដើម្បីពិនិត្យ ពិភាក្សា និងឯកភាពលើ៖ ១.សេចក្តីព្រាងកិច្ចព្រមព្រៀងអនុវត្តកម្មវិធី (Implementation Agreement) និង ២.ផែនការប្រតិបត្តិកម្មវិធីឆ្នាំ២០២៦ (Operation Plan 2026)។







