ភ្នំពេញ៖ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន WorldBridge Group និង Cambodia Airports បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីរួមសិក្សាលទ្ធភាពអភិវឌ្ឍ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតភ្ជាប់ផ្លូវអាកាស–ផ្លូវសមុទ្រ (Air–Sea Cargo & Logistics Hub) នៅក្រុងព្រះសីហនុ។ ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅនៅសណ្ឋាគារ Shangri-La ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

មានប្រសាសន៍ក្នុងឱកាសនោះ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា បានមានប្រសាសន៍ថា អនុស្សរណៈនេះ គឺជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងក្រុមហ៊ុនទាំងពីរ ក្នុងការសិក្សាឱកាសអភិវឌ្ឍវិស័យឡូជីស្ទិករបស់កម្ពុជា។ អ្នកឧកញ៉ាបានបញ្ជាក់ថា ការប្រើប្រាស់សក្តានុពលរួមរវាងកំពង់ផែទឹកជ្រៅ និងអាកាសយានដ្ឋានអន្តរជាតិនៅក្រុងព្រះសីហនុ រួមផ្សំជាមួយបទពិសោធ និងជំនាញរបស់ភាគីទាំងពីរ នឹងជួយពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា និងគាំទ្រដល់ការប្រែក្លាយប្រទេសកម្ពុជាទៅជាមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្តុភារកម្មដ៏សំខាន់មួយក្នុងតំបន់។
ជាមួយគ្នានេះ លោក Julien Bert នាយកប្រតិបត្តិក្រុមហ៊ុន Cambodia Airports បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងពង្រឹងសមត្ថភាពដឹកជញ្ជូនទំនិញតាមផ្លូវអាកាស បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងភស្តុភារកម្ម និងផ្តល់សេវាកម្មដែលមានភាពបត់បែន ស្របតាមកំណើននៃតម្រូវការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស។ លោកបានសម្តែងជំនឿជាក់ថា ភាពជាដៃគូជាមួយ WorldBridge Group នឹងបង្កើតតម្លៃរួមក្នុងរយៈពេលវែងសម្រាប់ភាគីទាំងពីរ និងរួមចំណែកលើកកម្ពស់ជំហររបស់កម្ពុជាជាមជ្ឈមណ្ឌលឡូជីស្ទិក និងពាណិជ្ជកម្មក្នុងតំបន់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានមានប្រសាសន៍ថា ការចូលរួមរបស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិល គឺជាកម្លាំងជំរុញដ៏សំខាន់ក្នុងការលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជា ស្របតាម «យុទ្ធសាស្ត្របញ្ចកោណ – ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តមបានគូសបញ្ជាក់ថា គម្រោងនេះឆ្លើយតបដោយផ្ទាល់ទៅនឹងបញ្ចកោណទី២ ស្តីពីការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការពង្រឹងភាពប្រកួតប្រជែង ជាពិសេសមុំអាទិភាពស្តីពីការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងភស្តុភារកម្ម។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរនឹងរួមគ្នាវាយតម្លៃលទ្ធភាព និងរៀបចំក្របខ័ណ្ឌសម្រាប់ការអភិវឌ្ឍ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាស និងភស្តុភារកម្ម (Air Cargo and Logistics Hub) នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ គម្រោងនេះ មានគោលបំណងពង្រឹងខ្សែច្រវាក់ភស្តុភារកម្មជាតិ និងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនទំនិញដែលអាចតភ្ជាប់ប្រកបដោយប្រសិទ្ធភាពរវាងផ្លូវអាកាស និងផ្លូវសមុទ្រ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកជញ្ជូនទំនិញទាំងក្នុងស្រុក និងឆ្លងដែន។
ក្នុងដំណាក់កាលបន្ទាប់ ក្រុមការងាររបស់ WorldBridge Group និង Cambodia Airports នឹងបន្តសិក្សាលទ្ធភាពបច្ចេកទេស សេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងរៀបចំចក្ខុវិស័យរួមសម្រាប់ការអភិវឌ្ឍគម្រោងនេះ ដែលត្រូវបានរំពឹងថានឹងក្លាយជាគ្រឹះដ៏សំខាន់មួយក្នុងការជំរុញការតភ្ជាប់ភស្តុភារកម្មរបស់កម្ពុជា និងពង្រឹងតួនាទីរបស់ប្រទេសក្នុងបណ្តាញដឹកជញ្ជូន និងពាណិជ្ជកម្មអន្តរជាតិ។















