អ្នកឧកញ៉ា ហាន់ ឃាង ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមផ្សាយលក់មូលបត្ររបស់ក្រុមហ៊ុន បុរី វិមានសំណាង

សមាគមឧកញ៉ាកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា ហាន់ ឃាង អនុប្រធានសមាគមទទួលបន្ទុកខែកក្កដា និងជាប្រធានគណៈកម្មការវិនិយោគ និងអភិវឌ្ឍន៍ ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមកម្មវិធី «រ៉ូដសូសម្រាប់ការផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក.» ដែលរៀបចំឡើងនៅផ្សារមូលបត្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីរ៉ូដសូនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីការបោះផ្សាយលក់ និងការធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក. ដែលមាន ឧកញ៉ាបណ្ឌិត គីម ហ៊ាង សមាជិកសមាគមឧកញ៉ាកម្ពុជា ជាប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ។ កម្មវិធីនេះក៏មានគោលបំណងបង្ហាញជូនវិនិយោគិន និងសាធារណជនអំពីសក្តានុពលវិនិយោគ ផែនការអាជីវកម្ម យុទ្ធសាស្ត្រកំណើន និងចក្ខុវិស័យអភិវឌ្ឍន៍របស់ក្រុមហ៊ុននាពេលអនាគត។

សូមបញ្ជាក់ថា ក្រុមហ៊ុន បុរី វិមានសំណាង ម.ក. បានទទួលការអនុញ្ញាតពី និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ឱ្យធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ដែលជាជំហានដ៏សំខាន់ក្នុងការបោះជំហានចូលទីផ្សារមូលបត្រកម្ពុជា និងពង្រីកប្រភពទុនសម្រាប់ការអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព។