ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីពិភាក្សាអំពីការចាប់ផ្តើមដំណើរការគម្រោងលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសនៅកម្ពុជា ដំណាក់កាលទី២។

កិច្ចប្រជុំនេះ បានធ្វើឡើងកាលថ្ងៃទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមាន លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការដឹកនាំការងារថ្នាក់ជាតិនៃគម្រោង ICONE II និង លោក Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធចំនួន ១១ និងតំណាងជាន់ខ្ពស់ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, តំណាងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ), និងមន្ត្រីគម្រោង ICONE II សរុបប្រមាណ ៥០ រូប ។

កិច្ចប្រជុំនេះដែរ រៀបចំឡើងក្នុងគោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា និងឯកភាពលើ៖ ១. សេចកី្តព្រាងកិច្ចព្រមព្រៀងអនុវត្តគម្រោង (Implementation Agreement) និង ទី២. ផែនការប្រតិបត្តិគម្រោងឆ្នាំ២០២៦ (Operational Plan 2026) ។
តាមរយៈកិច្ចប្រជុំខាងលើ ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងអាល្លឺម៉ង់ ព្រមទាំងបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។ ភាគីពាក់ព័ន្ធ បានវាយតម្លៃខ្ពស់លើភាពជោគជ័យ និងសមិទ្ធផលដែលសម្រេចបានក្រោមគម្រោង ICONE ដំណាក់កាលទី១ និងបានសង្កត់ធ្ងន់ថាគម្រោង ICONE ដំណាក់កាលទី២ ដែលនឹង អនុវត្តចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ នឹងជួយពង្រឹងភាពប្រកួតប្រជែងក្នុងវិស័យឯកជនរបស់កម្ពុជា តាមរយៈការតភ្ជាប់ជាមួយធុរកិច្ចអាល្លឺម៉ង់ ។

ហេតុនេះ គម្រោងគម្រោង ICONE ដំណាក់កាលទី២ នឹងគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា ឆ្លើយតបទៅនឹងគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ស្របពេលដែលប្រទេសកម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC)៕អត្ថបទ៖ហ្សាលីន

