កម្ពុជា បើកផ្លូវទាក់ទាញវិនិយោគិនក្នុងគម្រោងថាមពលស្អាត BESS ក្រោមជំនួយជាង ១០០លានដុល្លារ ពីធនាគារពិភពលោក

សង្គម​ និង​សេដ្ឋកិច្ច

អគ្គិសនីកម្ពុជា (EDC) សហការជាមួយធនាគារពិភពលោក បានរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយបឋមពីទីផ្សារ និងលទ្ធភាពនៃការចូលរួមរបស់គម្រោង Early Market Engagement (EME) សម្រាប់គម្រោងប្រព័ន្ធស្តុកថាមពលអគ្គិសនី (BESS) ខ្សែបណ្តាញបញ្ជូនអគ្គិសនី និងអនុស្ថានីយ ក្រោមគម្រោងអន្តរកាលថាមពលប្រកបដោយនិរន្តរភាពនៅកម្ពុជា Cambodia Sustainable Energy Transition (CSET) កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដែលជាជំហានថ្មីមួយក្នុងការធ្វើអន្តរកាលថាមពលនៅកម្ពុជា។។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គិសនីកម្ពុជា បានឱ្យដឹងថា គម្រោងដ៏មានសក្តានុពលនេះស្ថិតនៅក្រោមគម្រោងអន្តរកាលថាមពលប្រកបដោយចីរភាពនៅកម្ពុជា (CSET) ដោយទទួលបានការគាំទ្រថវិកាសរុបចំនួន ១១៥លានដុល្លារអាមេរិកពីធនាគារពិភពលោក។ ថវិកាទាំងនោះរួមមានឥណទានសម្បទានចំនួន ១១០លានដុល្លារអាមេរិក និងជំនួយឥតសំណងចំនួន ៥លានដុល្លារអាមេរិកសម្រាប់ជំហានដំបូងនេះ។

សូមបញ្ជាក់ដែរថា គម្រោងនេះនឹងអនុវត្តគម្រោងដោយក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា (EDC) ដែលមានទំហំការងារស្ថិតក្នុងក្របខ័ណ្ឌរបស់ អគ្គិសនីកម្ពុជាមានដូចជា៖
១. សាងសង់ខ្សែបញ្ជូនអគ្គិសនី និងអនុស្ថានីយអគ្គិសនី
២- ប្រព័ន្ធអាគុយស្តុកថាមពល Battery Energy Storage System (BESS)
៣- ការពង្រីកបណ្តាញចែកចាយ និងការពង្រឹងបណ្តាញចែកចាយ រួមមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធរថយន្ត អគ្គិសនី ការរៀបចំពង្រីកបណ្តាញចែកចាយ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនាឡិកាស្ទង់ទំនើប (Advanced Metering Infrastructure)

ការពង្រីកបណ្តាញបញ្ជូន អនុស្ថានីយអគ្គិសនី និងខ្សែបណ្តាញចែកចាយ នឹងបង្កើនសមត្ថភាពនៃការផ្គត់ ផ្គង់ថាមពល ក៏ដូចជាកែលម្អគុណភាព និងការផ្គត់ផ្គង់អគ្គិសនីប្រកបដោយចីរភាពទៅកាន់តំបន់ដែលមានតម្រូវការ កើនឡើង ព្រមទាំងបង្កើននូវអត្រាផ្គត់ផ្គង់អគ្គិសនីនៅជនបទ ជាពិសេសអ្នកនៅសេសសល់តិចតួចដែលបានដាក់បញ្ចូល ក្នុងកម្មវិធីតភ្ជាប់ចុងក្រោយ។ហេដ្ឋារចនាសម្ព័ន្ធរថយន្តអគ្គិសនីជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ដែលជួយ ដល់វិស័យដឹកជញ្ជូន។

លើសពីនេះ ប្រព័ន្ធនាឡិកាស្ទង់ទំនើប (AMI) ធ្វើឱ្យមានបណ្តាញអគ្គិសនីឆ្លាតវៃ កាត់បន្ថយថ្លៃចំណាយប្រតិបត្តិការនិងជួយបង្កើន ទំនុកចិត្តបន្ថែម និងប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលរបស់អតិថិជនតាមរយៈ ការរក្សាទុកទិន្នន័យ។ ជារួម គម្រោងនេះនឹងរួមចំណែកដល់ការកែលម្អគុណភាពជីវិត និងរក្សាភពផែនដីរបស់យើង ឱ្យបៃតង និងចីរភាពបរិស្ថាន៕