នៅចំពោះមុខបញ្ហាអតិផរណាថ្លៃអ្នកវិភាគសេដ្ឋកិច្ច អំពាវនាវឲ្យប្រើប្រាស់ប្រាក់រៀល គាំទ្រទំនិញក្នុងស្រុកឲ្យបានច្រើន

សង្គម​និង​សេដ្ឋកិច្ច

ពិភពលោកកំពុងជួបប្រទះនឹងការហក់ឡើងយ៉ាងខ្លាំងនៃអត្រាអតិផរណា ដោយក្នុងនោះតម្លៃទំនិញបានកើនឡើងយ៉ាងគំហ៊ុក។ សម្រាប់កម្ពុជាក៏កំពុងប្រឈម នឹងបញ្ហាអតិផរណានេះផងដែរ ដែលបង្ខំឲ្យរដ្ឋាភិបាលផ្ដល់កញ្ចប់ជំនួយសង្គមសម្រាប់អ្នករងគ្រោះដោយសារកត្តានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅចំពោះមុខបញ្ហាអតិផរណាថ្លៃអ្នកជំនាញសេដ្ឋកិច្ចបានអំពាវនាវឲ្យប្រើប្រាស់ប្រាក់រៀល ការគាំទ្រទំនិញក្នុងស្រុក ហើយលើកកម្ពស់ការផលិតនៅក្នុងស្រុកឲ្យបានដើម្បីទប់ការនាំចូលពីបរទេស។

 បណ្ឌិត គី សេរីវឌ្ឍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា បញ្ហាអតិផរណាសកលលោកបានជះឥទ្ធិពលមកលើប្រទេសកម្ពុជា បច្ចុប្បន្ននេះរា​ជរដ្ឋាភិបាលបានទប់ជាមួយនឹងអតិផរណានេះដោយកែសម្រួលនៅការផ្គត់ផ្គង់រូបិយវត្ថុធានាលុយរៀល និងធានាថ្លៃប្រេងមិនឲ្យឡើងថ្លៃទាំងនេះគឺជាគោលនយោបាយទប់ស្កាត់អតិផរណា។

លោកបណ្ឌិតថ្លែងថា៖ «អតិផរណានេះវាជារឿងសកលដែលកើតមានឡើង ដូច្នេះកម្ពុជាមិនអាចជៀសផុតបានឡើយ ប៉ុន្តែមានតែព្យាយាមទប់ស្កាត់តែប៉ុណ្ណោះ។ ប្រសិនបើអតិផរណាកាន់តែវែងឆ្ងាយអូសបន្លាយពេលវានឹងមានផលប៉ះពាល់ចំណូលរដ្ឋ និងទុនបម្រុងរបស់ធនាគារជាតិនៃកម្ពុជា»។

យ៉ាងណា អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានអំពាវនាវឲ្យប្រើប្រាស់ប្រាក់រៀល គាំទ្រទំនិញក្នុងស្រុក ហើយលើកកម្ពស់ការផលិតនៅក្នុងស្រុកដើម្បីទប់ការនាំចូលពីបរទេសឲ្យបានច្រើន។

ធនាការជាតិនៃកម្ពុជា បានឱ្យដឹងថា នៅឆ្នាំ២០២២នេះ កម្ពុជាត្រូវជួបប្រទះវិបត្តិអតិផរណា ឬហៅម្យ៉ាងថាបញ្ហាទំនិញ ឬ​សេវា​ឡើងថ្លៃ រីឯ​ប្រាក់​ចុះថោក​នោះ នឹងកើតមានរួមក្នុងអត្រា ២,៦ភាគរយ ដោយប្រៀបធៀបកាលពីឆ្នាំមុនអត្រាអតិផរណានេះមានការថយចុះបន្តិច។

បើតាមធនាគារជាតិនៃកម្ពុជា អតិផរណារួមក្នុងអត្រា ២,៦%នេះ ត្រូវបានព្យាករណ៍ដោយផ្អែកទៅលើកំណើនក្រុមថ្លៃម្ហូបអាហារនឹងបន្តថយចុះមកវិញ ដោយសារមានការជំរុញជាចម្បងដូចជាភាពប្រសើរឡើងនៃការផ្គត់ផ្គង់។ ​ការបន្តងើបឡើងវិញនៃប្រាក់ចំណូលពលរដ្ឋ និងកំណើនថ្លៃក្រុមទំនិញ និងសេវាកម្មដែលពាក់ព័ន្ធនឹងប្រេងឥន្ទនៈនឹងថយចុះតម្លៃមកវិញ ព្រមទាំង​អត្រាប្តូរប្រាក់ផ្លូវការបន្តមានស្ថិរភាព ក្នុងរង្វង់៤ ០៧៥រៀលក្នុងមួយដុល្លារអាមេរិកផងដែរ៕