លោក ត្រាំ ចង់ឲ្យប្រធាន FIFA ឡើងទៅកាន់តំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិ UN វិញ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ ចង់ឲ្យប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino ក្លាយជាអគ្គលេខាធិការថ្មីរបស់អង្គការសហប្រជាជាតិ UN វិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The New York Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយដកស្រង់ចេញពីប្រភពដែលជិតស្និទ្ធនឹងលោក ត្រាំ កាសែត New York Post បានរាយការណ៍ថា ប្រធានាធិបតីអាមេរិករូបនេះ ជឿជាក់ថា លោក Infantino ត្រូវបានទទួលការគោរពដោយមនុស្សគ្រប់គ្នានៅជុំវិញពិភពលោក ហើយទទួលស្គាល់ទៀតថាលោកពិតជាមានសមត្ថភាពពិសេសក្នុងការនាំមនុស្សឲ្យមកជួបជុំនិយាយពិភាក្សាគ្នា។

គួរឲ្យដឹងថា លោក Infantino បានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក ត្រាំ ក្នុងអំឡុងពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup នៅឆ្នាំនេះ ដោយប្រធាន FIFA ដែលមានសញ្ជាតិស្វីសរូបនេះ បានខិតខំប្រឹងប្រែងម្តងហើយម្តងទៀតដើម្បីទាក់ទាញមេដឹកនាំអាមេរិក រួមទាំងការប្រគល់រង្វាន់សន្តិភាពដំបូងរបស់ FIFA ដល់លោកផងដែរ កាលពីខែធ្នូឆ្នាំមុន។

យ៉ាងណាក៏ដោយ យោងតាមមាត្រា ៩៧ នៃច្បាប់ធម្មនុញ្ញអង្គការសហប្រជាជាតិ អគ្គលេខាធិការត្រូវបានតែងតាំងដោយមហាសន្និបាតតាមអនុសាសន៍របស់ក្រុមប្រឹក្សាសន្តិសុខ។ ហើយដើម្បីទទួលបានតំណែងនេះ លោក Infantino នឹងត្រូវការការគាំទ្រពីក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ រូបជាមុនសិន ដែលសមាជិកអចិន្ត្រៃយ៍ណាម្នាក់ក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំងប្រាំអាចប្រើសិទ្ធិវេតូ មុនពេលទទួលបានការយល់ព្រមពីមហាសន្និបាត។

គួរជម្រាបជូនថា លោក ត្រាំ បានរិះគន់ម្តងហើយម្តងទៀតចំពោះអ្វីដែលលោកយល់ថាជាការបរាជ័យរបស់អង្គការសហប្រជាជាតិក្នុងការដើរតួនាទីយ៉ាងសកម្មក្នុងការដោះស្រាយជម្លោះធំៗជាសកល។ កាលពីឆ្នាំមុន លោកក៏បានបង្កើតក្រុមប្រឹក្សាសន្តិភាពដែលដឹកនាំដោយសហរដ្ឋអាមេរិក និងជាជម្រើសថ្មីមួយដើម្បីជំនួសអង្គការសហប្រជាជាតិ ខណៈពេលដែលរដ្ឋបាលរបស់លោក ត្រាំ បានបន្តធ្វើកិច្ចព្រមព្រៀងសន្តិភាព រួមទាំងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន៕​