ក្រុមហ៊ុន Apple ត្រូវបានគេព្យាករថានឹងដណ្តើមយកតំណែងជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេបំផុតរបស់ពិភពលោកពីក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១១ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមក្រុមហ៊ុនស្រាវជ្រាវ Counterpoint Research បានព្យាករថា ការដឹកជញ្ជូនស្មាតហ្វូនរបស់ក្រុមហ៊ុន Apple រំពឹងថានឹងកើនឡើង ១០% នៅឆ្នាំនេះ ដែលផ្តល់ឲ្យក្រុមហ៊ុនខ្នាតយក្សអាមេរិក នូវចំណែកទីផ្សារពិភពលោក រហូតដល់ប្រមាណ ១៩,៤% ដែលជាចំនួននាំមុខទៅលើក្រុមហ៊ុន Samsung ។
ទន្ទឹមនឹងនេះ ការដឹកជញ្ជូននៃស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ក៏ត្រូវបានគេរំពឹងថានឹងមានការកើនឡើងផងដែរ ប៉ុន្តែមានអត្រាយឺតជាង ៤,៦% សម្រាប់ឆ្នាំនេះ ។
គួរឲ្យដឹងផងដែរថា បើទោះបីជាក្រុមហ៊ុន Apple បាននាំមុខគេនៅលើប្រាក់ចំណូល ប៉ុន្តែពួកគេមិនធ្លាប់បានប្រជែងឈ្នះក្រុមហ៊ុន Samsung ក្នុងការដឹកជញ្ជូនអស់រយៈពេលជាងមួយទសវត្សមកហើយ។ នេះបើតាមការចុះផ្សាយពីកាសែតកូរ៉េ JoongAng Daily។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Counterpoint បានសន្មតថាទស្សនវិស័យប្រសើរឡើងរបស់ក្រុមហ៊ុន Apple មួយផ្នែកគឺបានកើតឡើងដោយសារតែការប្រកាសចេញលក់ iPhone 17 នៅក្នុងខែកញ្ញា ដែលទទួលបានតម្រូវការខ្ពស់ខ្លាំងទាំងនៅក្នុងទឹកដីសហរដ្ឋអាមេរិក និងប្រទេសចិន ដែលជាទីផ្សារដ៏សំខាន់មួយ។
ជម្រាបជូនថា ក្រុមហ៊ុនខ្នាតយក្សចិន ដូចចា Xiaomi, Vivo និង OPPO បានបញ្ចប់ចំណាត់ថ្នាក់កំពូលទាំងប្រាំក្នុងនាមជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំភុតរបស់ពិភពលោក ជាមួយនឹងចំណែកទីផ្សារ ១៤%, ៩% និង ៨% រៀងៗគ្នា៕

