ក្រុមហ៊ុនខ្នាតយក្សចិន Pop Mart ប្តឹងហាង 7-Eleven អាមេរិក ពីបទលក់តុក្កតា Labubu ក្លែងក្លាយ

អន្តរជាតិ

ក្រុមហ៊ុនផលិតតុក្កតាលំដាប់កំពូលរបស់ប្រទេសចិន Pop Mart International កាលពីពេលថ្មីៗនេះ បានប្តឹងប្រតិបត្តិករហាង 7-Eleven ជាច្រើននៅសហរដ្ឋអាមេរិក ពីបទលក់តុក្កតា Labubu ក្លែងក្លាយ និងរំលោភលើម៉ាកសញ្ញាពាណិជ្ជកម្មរបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Global Times បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន Pop Mart កំពុងដំណើរការស្នើសុំដីការបស់តុលាការ ដើម្បីរារាំងម្ចាស់ហាង 7-Eleven និងម្ចាស់ហាងលក់ទំនិញរាយចំនួន ៧ ផ្សេងទៀត ពីការបន្តរំលោភបំពាននេះ ដូចដែលបានរៀបរាប់ នៅក្នុងឯកសារមួយរបស់ក្រុមហ៊ុន ផ្ញើទៅកាន់តុលាការរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី១៨ ខែកក្កដា ។

យ៉ាងណាមិញ​ ជុំវិញបណ្តឹងនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានវីដេអូបែកធ្លាយមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ថតដោយអតិថិជនអាមេរិកម្នាក់ ដែលបានបង្ហាញពីការដាក់តាំងលក់តុក្កតា Labubu ក្លែងក្លាយជាច្រើន ក្រោមឈ្មោះថា “Lafufu” នៅហាង 7-Eleven ។

ជម្រាបជូនផងដែរថា Labubu គឺជាតុក្កតាដ៏ពេញនិយមបំផុត ក្នុងចំណោមស្រទាប់​យុវវ័យ​ទូទាំងពិភពលោក។ ចាប់តាំងពីការផ្ទុះភាពល្បីល្បាញនៃតុក្កតានេះមក បានជំរុញឲ្យក្រុមហ៊ុន Pop Mart កើនឡើងតម្លៃមូលធនទីផ្សារលើសពី ៤០ពាន់លានដុល្លារ ជាមួយនឹងភាគហ៊ុនដែលចុះបញ្ជី នៅហុងកុង បានកើនឡើងរហូតដល់ ៥៨៨% ក្នុងឆ្នាំកន្លងទៅ៕​