តុលាការអូស្ត្រាលី កាលពីពេលថ្មីៗនេះ បានគាំទ្រលើការពិន័យរបស់និយតករសុវត្ថិភាពអ៊ីនធឺណិត ចំពោះក្រុមហ៊ុនបណ្តាញសង្គម X Corp របស់មហាសេដ្ឋី Elon Musk បន្ទាប់ពីក្រុមហ៊ុននេះបានសារភាពថាបានរំលោភច្បាប់ ដោយមិនបានផ្តល់ព័ត៌មានអំពីវិធានការការពារកុមារតាមអ៊ីនធឺណិតរបស់ខ្លួនពិតមែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញជម្លោះនេះ បានកើតឡើងចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មកម្លេះ នៅពេលដែល និយតករសុវត្ថិភាពអ៊ីនធឺណិត បានប្តឹងទៅលើក្រុមហ៊ុន X ដោយសារតែពួកគេមិនបានឆ្លើយតបគ្រប់គ្រាន់ចំពោះសំណើ សម្រាប់ការផ្តល់ព័ត៌មានអំពីវិធានការប្រឆាំងទៅនឹងការកេងប្រវ័ញ្ចកុមារ។
គួរឲ្យដឹងផងដែរថា ដំបូងឡើយ ក្រុមហ៊ុន X បានព្យាយាមបដិសេធមិនព្រមបង់ប្រាក់ពិន័យ ដោយសំអាងថាខ្លួនបានផ្លាស់ប្តូរឈ្មោះទៅជាក្រុមហ៊ុនថ្មី បន្ទាប់ពីលោក Musk បានទិញយកនៅក្នុងតម្លៃ ៤៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Christopher Tran មេធាវីរបស់និយតករសុវត្ថិភាពអ៊ីនធឺណិត បាននិយាយការយកលេសនេះ គឺមិនអាចទៅរួចនោះឡើយ ដោយនៅក្នុងសវនាការ ចុងចោទ បានទទួលស្គាល់ថាខ្លួនពិតជាបានរំលោភច្បាប់ពិតមែន។
ជាលទ្ធផល នៅថ្ងៃព្រហស្បតិ៍ ចៅក្រម Michael Wheelahan បានសម្រេចដំឡើងការពិន័យដល់ ៦៥០,០០០ដុល្លារអូស្ត្រាលី ហើយបានបញ្ជាក្រុមហ៊ុន X បង់ប្រាក់បន្ថែម ១០០,០០០ដុល្លារអូស្ត្រាលីទៀត ដើម្បីទូទាត់ថ្លៃដើមផ្នែកច្បាប់មួយចំនួនរបស់និយតករ៕

