Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បាននិយាយនៅថ្ងៃទី១០ មិថុនាថា ខ្លួនកំពុងភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុន Reliance Industries របស់មហាសេដ្ឋីកំពូល Mukesh Ambani សម្រាប់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI ដំបូងបង្អស់របស់ក្រុមហ៊ុនអាមេរិក នៅក្នុងប្រទេសឥណ្ឌា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

យោងតាមសេចក្តីថ្លែងការណ៍នេះ ក្រុមហ៊ុន Reliance នឹងសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យដែលមានសមត្ថភាព ១៦៨ MW នៅក្នុងខេត្ត Jamnagar ក្នុងរដ្ឋ Gujarat ភាគខាងលិចនៃប្រទេសឥណ្ឌា ដែលក្នុងនោះ Meta នឹងជួលបន្ត ជាមួយនឹងជម្រើសក្នុងការពង្រីកបន្ថែម។
ក្រុមហ៊ុន Meta ក៏បាននិយាយផងដែរថា មូលដ្ឋានអ្នកប្រើប្រាស់ដ៏ធំរបស់ប្រទេសឥណ្ឌា និងសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ធ្វើឱ្យប្រទសនេះក្លាយជាកន្លែងដ៏ល្អបំផុតសម្រាប់វិនិយោគ។
គួរជម្រាបជូនផងដែរថា កាលពីខែសីហា ឆ្នាំមុន ក្រុមហ៊ុន Meta និង Reliance បានបង្កើតក្រុមហ៊ុនរួមគ្នាមួយដើម្បីបង្កើតវេទិកា និងឧបករណ៍ AI សម្រាប់សហគ្រាសនៅក្នុងប្រទេសឥណ្ឌា ដោយប្រើប្រាស់គំរូភាសា Llama របស់ Meta។ ក្រុមហ៊ុន Reliance និង Meta បានប្តេជ្ញាចិត្តរួមគ្នាលើការវិនិយោគដំបូងចំនួន ៨,៥៥ពាន់លានរូពី (៨៩,៦លានដុល្លារ) ដោយបែងចែកភាគហ៊ុន ៧០% និង ៣០% រៀងៗខ្លួន៕

