ក្រុមហ៊ុន Meta Platforms ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនមេរបស់ Facebook កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងទាក់ទាញអ្នកស្រាវជ្រាវជាន់ខ្ពស់ លើបញ្ញាសិប្បនិម្មិត (AI) របស់ក្រុមហ៊ុនដៃគូប្រជែង OpenAI ជាច្រើនរូប ឲ្យមកធ្វើការនៅក្នុងក្រុមហ៊ុនរបស់ខ្លួនជំនួយសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ប្រភពដដែលនេះ បានរាយការណ៍ឲ្យដឹងទៀតថា អ្នកស្រាវជ្រាវជាន់ខ្ពស់របស់ក្រុមហ៊ុន OpenAI ចំនួន ៤រូបបន្ថែមទៀត ដោយក្នុងនោះរួមមានលោក Shengjia Zhao, Jiahui Yu, Shuchao Bi និង Hongyu Ren ដែលសុទ្ធសឹងតែបានប្រកាសពីការសម្រេចចិត្ត ក្នុងការចូលរួមជាមួយ Meta។
យ៉ាងណាមិញ ជុំវិញការទាញយកបុគ្គលិកឆ្នើមៗទាំងនេះ បានកើតឡើង នៅត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីកាសែត Wall Street Journal បានរាយការណ៍ថា ក្រុមហ៊ុនមេរបស់បណ្តាញសង្គម Instagram មួយនេះ ក៏បានជួលលោក Lucas Beyer, Alexander Kolesnikov និង Xiaohua Zhai ដែលជាបុគ្គលិកធ្វើការក្នុងការិយាល័យរបស់ OpenAI នៅក្នុងទីក្រុង Zurich ឲ្យមកធ្វើការជាមួយខ្លួន ផងដែរ។
ជម្រាបជូនផងដែរថា ក្នុងរយ:ពេលថ្មីៗចុងក្រោយនេះ ក្រុមហ៊ុន Meta បាននិងកំពុងជួបបុគ្គលិកឆ្នើមៗ ពីក្រុមហ៊ុន OpenAI ឲ្យមកចូលរួមនៅក្នុងក្រុមអភិវឌ្ឍ AI ជំនាន់ថ្មី របស់នាយកប្រតិបត្តិ លោក Mark Zuckerberg ក្នុងគោលបំណងដើម្បីឈានទៅរកការដឹកនាំ ទៅលើបច្ចេកវិទ្យាជំនាន់ថ្មីនេះ៕