emart24 Cambodia សហការជាមួយ BVM Petroleum ត្រៀមពង្រាយហាងទំនិញទំនើបស្ទីលកូរ៉េ ផ្តាច់មុខនៅក្នុង ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ទូទាំងប្រទេស

សង្គម​ និង​សេដ្ឋកិច្ច

រាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០២៦៖ emart24 Cambodia ដែលជាប្រេនហាងទំនិញទំនើបឈានមុខគេមកពីប្រទេសកូរ៉េ បានចាប់ដៃគូសហការជាមួយ ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម (BVM Petroleum) ដោយរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាផ្លូវការ និងផ្តាច់មុខ ក្នុងកិច្ចសហប្រតិបត្តិការបើកដំណើរការសាខាហាងទំនិញទំនើប emart24 នៅក្នុងបណ្តាញ ស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខាជាប្រវត្តិសាស្ត្រនេះ ត្រូវបានរៀបចំឡើងក្រោមវត្តមានរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដៃគូអាជីវកម្ម និង ភ្ញៀវកិត្តិយសនៃក្រុមហ៊ុនទាំងពីរ ដើម្បីជាសក្ខីភាពនៃការចាប់ដៃគូសហការដ៏រឹងមាំ ក្នុងគោលបំណងលើកកម្ពស់បទ ពិសោធន៍នៃការធ្វើដំណើរ និងការរស់នៅទាន់សម័យរបស់ប្រជាជនកម្ពុជា។

ក្នុងនាមជាដៃគូសហប្រតិបត្តិការក្នុងអាជីវកម្ម emart24 Cambodia នឹងនាំយកនូវទស្សនទានលក់រាយដ៏ប្លែក និង មានគុណភាពខ្ពស់ ទៅកាន់ទីតាំងយុទ្ធសាស្ត្រនៃស្ថានីយប្រេងឥន្ធនៈ ប៊ីរីអឹម ។ អតិថិជន និងអ្នកធ្វើដំណើរ នឹងទទួល បានភាពងាយស្រួលក្នុងការទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃយ៉ាងសម្បូរបែប ព្រមទាំងអាចរីករាយជាមួយអាហារសម្រន់ បែបកូរ៉េក្តៅៗ (Korean Street Food) និងដែលមានរសជាតិឆ្ងាញ់ពិសារ ក្នុងអំឡុងពេលចូលសម្រាក និងចាក់ប្រេង ឥន្ធនៈ នៅក្នុងស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ។ កិច្ចសហប្រតិបត្តិការផ្តាច់មុននេះ នឹងធ្វើឱ្យស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ក្លាយជាមជ្ឈមណ្ឌលសេវាកម្មដ៏សម្បូរបែបក្នុងតែមួយកន្លែង (One-Stop Service Hub) ដែលអតិថិជនអាចទិញ ទំនិញប្រើប្រាស់ប្រចាំថ្ងៃ អាហារសម្រន់ ចាក់ប្រេង និងលាងរថយន្ត ជាដើម។

លោក ងន ដេវីដសំបូរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន សៃសាន់ ប្រានើរ ហូលឌីង ឯ.ក emart24 Cambodia មានប្រសាសន៍ក្នុងពិធីនោះថា៖“យើងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការចាប់ដៃគូសហការជាមួយ ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម ដែលជាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈឈានមុនគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា។ emart24 មិនត្រឹមតែជាហាង ទំនិញសម្រាប់ផ្តល់ភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែយើងនាំមកនូវស្ទីលរស់នៅដ៏រស់រវើក និងបទពិសោធន៍អាហារដ៏ មានគុណភាព។ ការមានវត្តមាននៅក្នុងស្ថានីយប្រេងឥន្ធនៈដែលមានចរាចរណ៍មមាញឹក នឹងជួយឱ្យយើងអាចនាំយក ផលិតផលល្អៗ និងរសជាតិដើមពីប្រទេសកូរ៉េ ទៅជូនអតិថិជនដែលកំពុងធ្វើដំណើរបានភ្លាមៗ ស្របតាមការប្តេជ្ញា ចិត្តរបស់យើង គឺការផ្តល់ភាពងាយស្រួល និងស្នាមញញឹមរាល់ការធ្វើដំណើរ »។

លោកស្រី មាស គន្ធា អគ្គនាយិការង ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានចែករំលែកចំណាប់អារម្មណ៍ផងដែរថា៖ «ទស្សនវិស័យរបស់ ប៊ីវីអឹម មិនមែនត្រឹមតែជាការចែកចាយប្រេងឥន្ធនៈនោះទេ តែពួកយើងផ្តោតសំខាន់លើការផ្តល់បទពិសោធន៍ដែលមានភាពទាន់សម័យ មានភាពងាយស្រួល ផ្តល់នូវផាសុខភាពដល់អ្នកប្រើប្រាស់ ដែលលើសពីការ ចាក់ប្រេងឥន្ធនៈ។ ការចាប់ដៃគូជាមួយប្រេនលំដាប់អន្តរជាតិដែលមានភាពច្នៃប្រឌិតខ្ពស់ដូចជា emart24 គឺស្របទៅ នឹងចក្ខុវិស័យរបស់យើង ក្នុងការធ្វើបច្ចុប្បន្នភាពបរិយាកាសនៅក្នុងស្ថានីយលក់រាយប្រេងឥន្ធនៈ។ ជាមួយនឹងជម្រើស អាហារដ៏សម្បូរបែប និងការរៀបចំហាងដ៏មានសោភ័ណភាពរបស់ emart24 យើងជឿជាក់យ៉ាងមុតមាំថា អតិថិជន របស់យើងនឹងទទួលបាននូវភាពងាយស្រួល និងការពេញចិត្តជាទីបំផុត »។

ហាងទំនិញទំនើប emart24 ដំបូងនៅក្នុងស្ថានីយប្រេងឥន្ធនៈ ប៊ីវីអឹម ត្រូវបានរំពឹងថានឹងអាចបើកនៅក្នុងពេលឆាប់ៗ នេះ ដោយផ្តោតលើទីតាំងសំខាន់ៗក្នុងទីក្រុង និងផ្លូវជាតិធំៗ មុននឹងឈានទៅពង្រីកវិសាលភាពបន្ថែមទៀត។

អំពីក្រុមហ៊ុនប្រេងឥន្ធនៈ បីវីអឹម (BVM Petroleum)

ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម ជាក្រុមហ៊ុនប្រេងឥន្ធនៈក្នុងស្រុកឈានមុខគេមួយក្នុងការផ្គត់ផ្គង់ និងចែកចាយប្រេងឥន្ធ នៈដែលមានគុណភាពខ្ពស់ និងទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ ២០០៨។ ប៊ី វីអឹម ធ្វើការចែកចាយប្រេងឥន្ធនៈទៅ ២៥ ខេត្តក្រុងដោយផ្តល់នូវប្រេងឥន្ធនៈដែលមានគុណភាព បរិមាណត្រឹមត្រូវ ជាមួយនឹងសេវាកម្មដឹកជញ្ជូនប្រកបដោយវិជ្ជាជីវៈ និងសុវត្ថិភាពខ្ពស់។ ប៊ីរីអឹម កំពុងពង្រីកសាខាស្ថានីយលក់រាយ ប្រេងឥន្ធនៈដើម្បីឆ្លើយតបនឹងតម្រូវការ និងការគាំទ្ររបស់អតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជា។