ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC) ថា នឹងរួមគ្នាជម្រុញការផ្លាស់ប្តូរព័ត៌មានវិនិយោគជាប្រចាំ ដើម្បីទាញវិនិយោគិនអាម៉េរិកមកកាន់កម្ពុជាឱ្យកាន់តែខ្លាំងបន្ថែមទៀត។

នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC) ដឹកនាំដោយ លោក(ឯកអគ្គរដ្ឋទូតចូលនិវត្តន៍) Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិនៃ US-ABC ក្នុងឱកាសដែលគណៈប្រតិភូកំពុងបំពេញទស្សនកិច្ចធុរកិច្ចជាផ្លូវការនៅកម្ពុជា កាលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្វាគមន៍ចំពោះគណៈប្រតិភូ US-ABC ទាំងអស់ដែលបានអញ្ជើញមកបំពេញបេសកកម្មធុរកិច្ចនៅកម្ពុជា។លោក ក៏បានគូសបញ្ជាក់អំពីការធ្វើកំណែទម្រង់ផ្ទៃក្នុងយ៉ាងស៊ីជម្រៅនៅ CDC ដើម្បីបង្កើនឧត្តមភាពនៃការអនុវត្តការងារ ធ្វើឱ្យការផ្តល់កិច្ចសម្របសម្រួលវិនិយោគជូនវិស័យឯកជនកាន់តែមានប្រសិទ្ធភាព ដើម្បីបង្កើនភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន។

ជាការឆ្លើយតប លោក Brian D. McFeeters ព្រមទាំងគណៈប្រតិភូ US-ABC បានថ្លែងអំណរគុណ ចំពោះការផ្តល់ព័ត៌មានស៊ីជម្រៅ ច្បាស់លាស់ និងចាំបាច់ជាច្រើនពាក់ព័ន្ធនឹងកាលានុវត្តភាព និងគោលនយោបាយវិនិយោគនៅកម្ពុជា។ គណៈប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចធុរកិច្ចផ្លូវការនៅកម្ពុជា និងបានបង្កើតនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងក្រុមហ៊ុនអាម៉េរិក និងស្ថាប័នរដ្ឋកម្ពុជា។
សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ ភាគីទាំងពីរ ក៏បានបង្ហាញនូវឆន្ទៈរួមយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ បង្កើតបណ្តាញទំនាក់ទំនងផ្ទាល់រវាង CDC និង US-ABC និងរួមគ្នាជម្រុញការផ្លាស់ប្តូរព័ត៌មានវិនិយោគជាប្រចាំ ដើម្បីទាក់ទាញវិនិយោគិនអាម៉េរិកមកកាន់កម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ៕អត្ថបទ៖ហ្សាលីន


