ឆមាសទី១ឆ្នាំ២០២៦៖កម្ពុជា រកចំណូលបានជាង ១ ៧០០លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ

សង្គម​ និង​សេដ្ឋកិច្ច

យោងតាមទិន្នន័យក្រៅផ្លូវការពីសមាគមស្វាយចន្ទីកម្ពុជា ដែលផ្សាយចេញកាលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជារកចំណូលបានជាង ១ ៧០០លានដុល្លារអាម៉េរិក ពីនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញរឿងនេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា គ្រាប់ស្វាយចន្ទីឆៅប្រមាណ ១ ០៣០ ០០០ តោន ត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម ដោយរកផ្តល់ចំណូលបានប្រមាណ ១ ៧៥១លានដុល្លារអាម៉េរិក កើនឡើង ២៨.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ចំពោះ តម្លៃស្វាយចន្ទីនៅឆ្នាំនេះក៏ល្អប្រសើរជាងឆ្នាំមុនផងដែរ ជាក់ស្តែង ក្នុងខែកក្កដា នេះ គ្រាប់ស្វាយចន្ទីស្រស់មានតម្លៃ ៨ ២០០រៀលក្នុងមួយគីឡូក្រាម ខណៈកាលពីឆ្នាំ២០២៥ មានតម្លៃត្រឹមតែ ៧ ៥០០រៀលប៉ុណ្ណោះ។

សូមជម្រាបដែរថា ដំណាំស្វាយចន្ទី គឺជាកសិផលដ៏សំខាន់ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា។ កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីប្រមាណជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេសគិតត្រឹមឆ្នាំ២០២៤ ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោនក្នុងមួយហិកតា។

ផ្ទៃដីសរុបដែលសមស្របអាចដាំដុះដំណាំស្វាយចន្ទីមានប្រមាណ ១,២៤លានហិកតា ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ បើធៀបនឹងប្រទេសដាំដុះដំណាំស្វាយចន្ទីនៅលើពិភពលោក។ ជារួម ដំណាំស្វាយចន្ទីក៏ជាផ្នែកមួយដែលជួយជំរុញខឿនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនផងដែរ៕ អត្ថបទ៖ហ្សាលីន