មន្ត្រីក្រសួងពាណិជ្ជកម្ម សហការជាមួយសភាពាណិជ្ជកម្មកម្ពុជាបើកសិក្ខាសាលាស្ដីពីអនុក្រឹត្យផ្សាយផលិតផល ទំនិញ និងសេវានៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការ នៃ គ.ជ.ក.ប. និងគ.ប.ក. សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពី «ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញ និងសេវា» រយៈពេល ២ថ្ងៃ (២៧-២៨) ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការសភាពាណិជ្ជកម្ម និងនៅអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីជាការលើកកម្ពស់ និងពង្រឹងបន្ថែមលើការផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា។ នេះបើតាមឱ្យដឹងពីក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទាក់ទងនឹងសិក្ខាសាលាមួយនេះ បានបង្ហាញខ្លឹមសារអនុក្រឹត្យសំខាន់ៗចំនួន៣ រួមមានៈ
១/. ការបង្កើតនូវយន្តការដោយស្ម័គ្រចិត្ត ចំពោះបុគ្គលផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិង/ឬសេវា ក្នុងការស្នើសុំលិខិតបញ្ជាក់ អនុលោមភាព នៃការផ្សាយពាណិជ្ជកម្មលើផលិតផល ទំនិញ និងសេវាលើអត្ថបទ ឬស្ពតផ្សាយពាណិជ្ជកម្មរបស់ខ្លួនពីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម។ មានន័យថា បុគ្គលផ្សាយពាណិជ្ជកម្មមានជម្រើសក្នុងការមិនស្នើសុំលិខិតបញ្ជាក់អនុលោមភាពនៃអត្ថបទ ឬស្ពតផ្សាយរបស់ខ្លួនទេ ប៉ុន្តែត្រូវធានា អត្ថបទឬស្ពត ឬគម្រោងនៃការផ្សាយពាណិជ្ជកម្ម នៃការផ្សាយពាណិជ្ជកម្មទាំងនោះ ស្របតាមច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ឬបទប្បញ្ញត្តិជាធរមាន ក្នុងន័យចៀសវាងការបំពានច្បាប់ណាមួយកើតឡើងជាយថាហេតុ។
២/. ការកំណត់នូវកាតព្វកិច្ច ចំពោះការផ្សាយពាណិជ្ជកម្មដោយផ្ដល់រង្វាន់ ដែលត្រូវគោរពតាមលក្ខខណ្ឌតម្រូវ ក្នុងការផ្តល់ព័ត៌មាននិងឯកសារបញ្ជាក់មកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម រួមមាន ប្រភេទរង្វាន់ ចំនួនរង្វាន់សរុប ផលិតផលទំនិញសរុប សុពលភាពនៃការផ្ដល់រង្វាន់ ទីតាំងជាក់លាក់ដែលត្រូវផ្តល់រង្វាន់ អត្តសញ្ញាណអ្នកឈ្នះរង្វាន់ អ្នកត្រូវរង្វាន់ជាប្រចាំខែ និងប្រចាំឆ្នាំ។
៣/. ការផ្តល់សមត្ថកិច្ចដល់អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការ នៃ គ.ជ.ក.ប. និងគ.ប.ក. ក្នុងការចេញលិខិតបញ្ជាក់អនុលោមភាព នៃការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិង/ឬសេវា ព្រមទាំងត្រួតពិនិត្យ និងតាមដានរាល់ការផ្សាយពាណិជ្ជកម្ម ដែលមិនមានអនុលោមភាព ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជាមួយគ្នានេះដែរ នៅក្នុងកិច្ចសិក្ខាសាលាមួយនេះ ក៏មានការចូលរួមពីវត្តមាន អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជាប្រធានក្រុមហ៊ុន និងអ្នកជំនួញដែលធ្វើធុរកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា និងអ្នកចូលរួមប្រមាណ ២៥០នាក់ទៀតផងដែរ។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលាខាងលើមានគោលបំណងលើកកម្ពស់ និងជំរុញកិច្ចការពារអ្នកប្រើប្រាស់នៅប្រទេសកម្ពុជា តាមរយៈការផ្សាយពាណិជ្ជកម្មដោយស្មោះត្រង់ និងសុចរិតមួយដ៏ត្រឹមត្រូវស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងលើកទឹកចិត្តអ្នកធ្វើធុរកិច្ចឱ្យផ្តោតយកចិត្តទុកដាក់លើគុណភាពផលិតផល ទំនិញ និងសេវា ដែលត្រូវផ្តល់ជូនអតិថិជន និងអ្នកប្រើប្រាស់ជាចម្បង៕