មន្ទីរបញ្ចកោណ បានប្រកាសនៅកាលពីថ្ងៃទី២៣ ខែកក្កដាថា បានផ្តល់កិច្ចព្រមព្រៀងមដែលមានតម្លៃជិត ៧ពាន់លានដុល្លារ សម្រាប់រយៈពេលរហូតដល់ ១០ឆ្នាំ ដល់ក្រុមហ៊ុនសូហ្វវែរខ្នាតយក្ស Oracle ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញកិច្ចព្រមព្រៀងមានតម្លៃដ៏ច្រើនលើសលប់នេះ ត្រូវបានធ្វើឡើង ដើម្បីជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងរបស់មន្ទីរបញ្ចកោណ ក្នុងការបង្រួបបង្រួមអាជ្ញាប័ណ្ណសូហ្វវែរ ដើម្បីកាត់បន្ថយថ្លៃដើម ការចំណាយខ្ជះខ្ជាយរបស់ក្រសួងការពារជាតិ។
យ៉ាងណាមិញ លោកស្រី Kirsten Davies ប្រធានផ្នែកព័ត៌មាននៃមន្ទីរបញ្ចកោណបានមានប្រសាសន៍ថា ៖”តាមរយៈការកែលម្អជាមូលដ្ឋានអំពីរបៀបដែលយើងនឹងទទួលបានសមត្ថភាព Oracle នៅនឹងកន្លែង យើងកំពុងជំរុញដល់ការសន្សំសំចៃយ៉ាងហោចណាស់ ៤៤១លានដុល្លារ”។
គួរជម្រាបជូនផងដែរថា កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Oracle នេះ បង្កើតឡើងនៅលើកិច្ចខិតខំប្រឹងប្រែងស្រដៀងគ្នាដែលការិយាល័យរបស់លោកស្រី Davies ធ្លាប់បានធ្វើឡើងជាមួយក្រុមហ៊ុន Microsoft កាលពីខែឧសភាផងដែរ។ កិច្ចព្រមព្រៀងរយៈពេលប្រាំឆ្នាំ ដែលមានតម្លៃ ៩,៦៩ពាន់លានដុល្លារនៅពេលនោះ បានបង្រួបបង្រួមអាជ្ញាប័ណ្ណកម្មវិធី Microsoft និងអាជ្ញាប័ណ្ណសហគ្រាសផ្សេងទៀត ដែលរាយប៉ាយពាសពេញសេវាយោធា សហគមន៍ចារកម្ម និងឆ្មាំសមុទ្រ ទៅជាកិច្ចសន្យាតែមួយ៕

