រុស្ស៊ីជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជំនាន់ថ្មី

អន្តរជាតិ

កាលពីថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ដោយជោគជ័យ ពីនាវាមុជទឹកថ្មីមួយរបស់ខ្លួន ដែលមានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។ នេះបើយោងទៅតាមការចុះផ្សាយពីសារព័ត៌មាន AP ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាមុជទឹក Imperator Alexander III បានបាញ់មីស៊ីល Bulava ចេញពីក្រោមទឹក នៅក្នុងតំបន់សមុទ្រស (White Sea) ភាគខាងជើងនៃប្រទេសរុស្ស៊ី ទៅកាន់តំបន់គោលដៅមួយផ្សេងទៀតដែលឆ្ងាយពីភាគខាងកើតនៃឧបទ្វីប Kamchatka ។

នាវា Imperator Alexander III គឺជានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រភេទ Borei-Class ជំនាន់ថ្មី ដែលមានសមត្ថភាពអាចផ្ទុកមីស៊ីល Bulava ចំនួន ១៦ គ្រាប់ ស្របពេលរុស្ស៊ីក៏មានបំណងប្រើប្រាស់នាវាមុជទឹកប្រភេទនេះ ជានាវាចរស្នូលនៃកងកម្លាំងនុយក្លេអ៊ែរ របស់ប្រទេសក្នុងទស្សវត្សរ៍ខាងមុខផងដែរ។

គូសបញ្ជាក់ថា កងទ័ពជើងទឹករុស្ស៊ីបច្ចុប្បន្នមាននាវាមុជទឹកប្រភេទ Borei-Class ចំនួន ៣ គ្រឿងកំពុងបម្រើការ ខណៈមានមួយគ្រឿងកំពុងតែបញ្ចប់ការសាកល្បង និង ៣ គ្រឿងផ្សេងទៀតកំពុងធ្វើការសាងសង់។ នេះបើតាមក្រសួងការពារជាតិបាននិយាយ។

ជម្រាបផងដែរថា របាយការណ៍ពីការបាញ់សាកល្បងនេះ បានកើតឡើងស្របពេលដែលភាពតានតឹងកំពុងកើនឡើងទៅៗ រវាងរុស្ស៊ី និងលោកខាងលិច ជុំវិញសមរភូមិនៅអ៊ុយក្រែន ខណៈប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីសប្តាហ៍មុន បានចុះហត្ថលេខាលុបចោលការផ្តល់សច្ចាប័នរបស់រុស្ស៊ី លើការហាមប្រាមការសាកល្បងអាវុធនុយក្លេអ៊ែរជាសាកល នៅក្នុងសកម្មភាពដែលទីក្រុងម៉ូស្គូបាននិយាយថា ចាំបាច់ត្រូវបង្កើតភាពស្មើគ្នា ជាមួយសហរដ្ឋអាមេរិក៕