សមាជិកអង្គការណាតូ យល់ព្រមបង្កើនការចំណាយការពារជាតិដល់ ៥% នៃ GDP របស់ខ្លួន

អន្តរជាតិ

ប្រទេសជាសមាជិកនៃអង្គការណាតូ បានសន្យាថានឹងបង្កើនការចំណាយលើវិស័យការពារជាតិប្រចាំឆ្នាំឲ្យស្មើទៅនឹង ៥% នៃ GDP របស់ខ្លួន នៅក្នុងឆ្នាំ២០៣៥ ខាងមុខ ដែលជាការបញ្ជាក់សារជាថ្មីនូវការបេ្តជ្ញាចិត្តរបស់ពួកគេ​ ចំពោះវិស័យការពារជាតិរួមគ្នា។​ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២៥ ខែមិថុនា មេដឹកនាំអង្គការណាតូចំនួន ៣២ រូប បានអនុម័តសេចក្តីថ្លែងការណ៍មួយ នៅឯកិច្ចប្រជុំកំពូលនៅទីក្រុងឡាអេ ប្រទេសហូឡង់ ដោយបញ្ជាក់ថា សម្ព័ន្ធមិត្តបានប្តេជ្ញាចិត្ត ដើម្បីបញ្ចប់គោលដៅលើការចំណាយ ៥% នៃ GDP ជារៀងរាល់ឆ្នាំ លើវិស័យការពារជាតិ នៅឆ្នាំ២០៣៥។

ទន្ទឹមនឹងនេះ មេដឹកនាំណាតូទាំងនោះ បាននិយាយថា ការប្តេជ្ញាចិត្តនេះ នឹងរួមបញ្ចូលទាំងការវិនិយោគយ៉ាងណាស់ ៣,៥% នៃ GDP ជារៀងរាល់ឆ្នាំ នៅក្នុងតម្រូវការការពារស្នូល និងការចំណាយ ១,៥% នៃ GDP ផ្សេងទៀត លើការចំណាយទាក់ទងទៅនឹងសន្តិសុខ រួមទាំងការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការពង្រឹងមូលដ្ឋានឧស្សាហកម្មការពាររបស់សម្ព័ន្ធភាព។

សេចក្តីថ្លែងការណ៍ខាងលើ បាននិយាយទៀតថា ការវិនិយោគទាំងនេះ គឺមានភាពចាំបាច់ដើម្បីប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខ ជាពិសេសដោយលើកឡើងពី ការគំរាមកំហែងរយៈពេលវែងពីសំណាក់ប្រទេសរុស្ស៊ី ចំពោះសន្តិសុខអឺរ៉ូ-អាត្លង់ទិក ក៏ដូចជាការគំរាមកំហែងភេរវករជាបន្តបន្ទាប់។

យ៉ាងណាមិញ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះកិច្ចប្រជុំកំពូលរបស់អង្គការ NATO នៅទីក្រុងឡាអេ ខណៈដែលសមាជិកនៃប្លុកនេះ បានសន្យាថានឹងបង្កើនការចំណាយលើវិស័យការពារជាតិ ស្របតាមសំណើដែលលោកធ្លាប់បានធ្វើ ចាប់តាំងពីវិលចូលមកកាន់តំណែងនៅក្នុងសេតវិមានវិញ។

ជម្រាបជូនថា កាលពីដើមខែមករា លោក ត្រាំ បានអំពាវនាវឲ្យសមាជិកណាតូនីមួយៗបង្កើនថវិកាការពារជាតិរបស់ខ្លួនឲ្យស្មើនឹង ៥% នៃ GDP ប៉ុន្តែនេះគឺជាចំនួនដែលមិនមានប្រទេសសមាជិកណាមួយអាចធ្វើទៅបាននោះឡើយ រួមទាំងសហរដ្ឋអាមេរិកខ្លួនឯង ផងដែរ៕