ទូរស័ព្ទ iPhone បត់អេក្រង់ដំបូងរបស់ Apple អាចមានតម្លៃថ្លៃជាង iPhone 17 Pro Max ដល់ទៅពីរដង

អន្តរជាតិ

ទូរស័ព្ទ iPhone Ultra ដែលអាចបត់អេក្រង់បានដំបូងរបស់ក្រុមហ៊ុន Apple អាចមានតម្លៃរហូតដល់ ២ ៥០០ដុល្លារ ពោលគឺមានតម្លៃថ្លៃជាងពីរដងបើធៀបទៅនឹងតម្លៃទូរស័ព្ទ iPhone 17 Pro Max ។ នេះបើយោងតាមអ្នកវិភាគល្បីឈ្មោះរបស់ Apple លោក Ming-Chi Kuo។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងការបង្ហោះកាលពីថ្ងៃទី៥ ខែកក្កដាលើបណ្តាញសង្គម X លោក Kuo បាននិយាយថា ស្មាតហ្វូនដែលអាចបត់អេក្រង់បាននេះទំនងជានឹងត្រូវបានដាក់បង្ហាញរួមជាមួយទូរស័ព្ទ iPhone 18 Pro និង 18 Pro Max នៅក្នុងខែកញ្ញាខាងមុខ ប៉ុន្តែការដឹកជញ្ជូនទៅដល់ដៃអតិថិជនអាចនឹងចាប់ផ្តើមប្រហែលមួយខែក្រោយការប្រកាសប្រកាសចេញ ពោលគឺស្រដៀងគ្នាទៅនឹងការដាក់លក់ iPhone X ក្នុងឆ្នាំ២០១៧ ដែរ។

លោក Kuo អ្នកវិភាគប្រចាំនៅក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុ TF International Securities បាននិយាយទៀតថា iPhone ដែលអាចបត់អេក្រង់បានដំបូង នឹងមានតម្លៃប្រហែល២ ៣០០ដុល្លារ ទៅ ២ ៥០០ដុល្លារ។ ហើយប្រសិនបើតម្លៃនេះចេញមកត្រឹមត្រូវពិតមែន នោះវានឹងខ្ពស់ជាងពីរដងនៃទូរស័ព្ទលំដាប់កំពូលបច្ចុប្បន្នរបស់ Apple គឺ 17 Pro Max ដែលកំពុងលក់ក្នុងតម្លៃចាប់ពី ១ ១៩៩ដុល្លារសម្រាប់ម៉ូដែលមានទំហំផ្ទុក ២៥៦ជីហ្គាបៃ។

ទន្ទឹងនឹងនេះ យោងតាមរបាយការណ៍ដាច់ដោយឡែកមួយពី Nikkei Asia បានរាយការណ៍ផងដែរថាក្រុមហ៊ុន Apple បានបង្កើនគោលដៅផលិតកម្មរបស់ខ្លួនសម្រាប់ទូរស័ព្ទ iPhone ដែលអាចបត់អេក្រង់បាន ដល់ប្រហែល ១០ លានគ្រឿង ពោលគឺកើនឡើងពីការប៉ាន់ស្មានពីមុនចំនួន ៧ លានទៅ ៨ លានគ្រឿង៕​