លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗច្រើនរូប អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

ជុំវិញ​ឧកញ៉ា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាៗជាច្រើនរូប នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សែនធ័រ សែនសុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហាព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍នេះ មានការអញ្ជើញចូលរួមពី លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ, លោកអ្នកឧកញ៉ា លាង ឃុន, លោកអ្នកឧកញ៉ា ហុង ស៊ួន ស៊ីគង់ទ្រីវ, អ្នកឧកញ៉ា សេង ញ៉ក់ និងលោកជំទាវអ្នកឧកញ៉ា លី អាផណ, អ្នកឧកញ៉ា ហាន់ ឃាង, អ្នកឧកញ៉ា គួន ធីតា, អ្នកឧកញ៉ា ហ៊ុន ឡាក់, លោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង, អ្នកឧកញ៉ា ទី គឹមស្រ៊ាន និងអ្នកឧកញ៉ា ឌុក ទីប៉ាណា, អ្នកឧកញ៉ា សំ សុខនឿន ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ា និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ ជាពិសេសបានធ្វើឱ្យពិព័រណ៍នេះមានទំហំកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ហើយក៏ក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់​សម្រាប់ការជួបជុំរវាងអ្នកផ្តល់សេវារៀបចំអាពាហ៍ពិពាហ៍ និងអតិថិជន សម្រាប់ស្វែងយល់អំពីមង្គលការ​ខ្មែរឱ្យ​បានកាន់តែជ្រៅជ្រះ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏សូមអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានផ្តល់ការណែនាំ គាំទ្រ និងបង្ហាញអំពីការវិវត្តនៃសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរតាមសម័យកាល ស្របតាមខ្លឹមសារបច្ចេកទេសគុណតម្លៃប្រពៃណីខ្មែរ។

ពិព័រណ៍អាពាហ៍ពិពាហ៍នេះ មានបណ្ដុំទៅដោយក្រុមហ៊ុនផ្តល់សេវាកម្មរៀបចំពិធីមង្គលការដ៏សម្បូរបែប រួមមានទាំងសម្អាងការ ចុងភៅ ពិធីការ ការតុបតែង ថតរូប ភេសជ្ជៈ គ្រឿងអលង្ការ ពោលគឺប្រមូលផ្តុំគ្រប់សេវាកម្ម​អាពាហ៍ពិពាហ៍ទាំងអស់ មកដាក់តាំងបង្ហាញពីផលិតផល និងសេវាកម្មនីមួយៗរយៈពេលបីថ្ងៃនៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សែនធ័រ សែនសុខ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤-២៦ ខែកក្កដា ឆ្នាំ២០២៦។

សូមជម្រាបថា មហាព្រឹត្តិការណ៍នេះក៏ជាផ្នែកមួយក្នុងការផ្សព្វផ្សាយ វប្បធម៌ និងប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ ដែលជាអត្តសញ្ញាណជាតិដែលមិនអាចខ្វះបាន ជាពិសេស ការបង្ហាញទម្រង់សម្លៀកបំពាក់ប្រពៃណី​ស្របតាម​ពេលវេលា និងសម័យកាលប្រកបដោយក្រឹតក្រមបានត្រឹមត្រូវបំផុត ព្រមទាំងការរៀបចំនូវវេទិកាតុពិភាក្សា​ទាក់ទងនឹងចំណេះដឹងជាច្រើនទៀតដូចជា ការយល់ដឹងពីប្រវត្តិភ្លេងការ ទំនៀមទម្លាប់ដេញពេលវេលាថ្ងៃ​រៀបមង្គលការ និងសេដ្ឋកិច្ចប្រចាំថ្ងៃទាក់ទងនឹងសេវាកម្មផ្គត់ផ្គង់អាពាហ៍ពិពាហ៍ផងដែរ៕