វេណេស៊ុយអេឡា ប្រកាសដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដោយសារភាពលំអៀង

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា បានប្រកាសថាប្រទេសនេះ នឹងដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដោយអះអាងថាស្ថាប័ននេះមានភាពមិនលំអៀង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីការបរទេសលោក Felix Plasencia បានប្រកាសកាលពីថ្ងៃទី២៤ ខែកក្កដាថាប្រទេសវេណេស៊ុយអេឡាបានជូនដំណឹងដល់អង្គការសហប្រជាជាតិអំពីការសម្រេចចិត្តដ៏រឹងមាំ និងមិនអាចងាកក្រោយវិញបាន របស់ខ្លួនក្នុងការដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ ចលនានេះត្រូវបានធ្វើឡើងតាមការណែនាំរបស់ប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez។

ការប្រកាសនេះ បានកើតឡើងនៅពេលដែល ICC កំពុងស៊ើបអង្កេតការចោទប្រកាន់អំពី “ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ” ក្រោមរដ្ឋបាលរបស់ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro។ លោក Plasencia បាននិយាយថា ៖”ប្រទេសវេណេស៊ុយអេឡាជឿជាក់ថាសកម្មភាពរបស់ ICC ឆ្លុះបញ្ចាំងពីភាពលំអៀងខាងភូមិសាស្ត្រយ៉ាងច្បាស់លាស់ ដោយផ្តោតកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនមិនសមាមាត្រទៅលើប្រទេសអាហ្វ្រិក និងអាមេរិកឡាទីន”។

ទន្ទឹមនឹងនេះ​ ICC បាននិយាយថាខ្លួនមិនទាន់បានទទួលការជូនដំណឹងជាផ្លូវការពីប្រទេសវេណេស៊ុយអេឡាទាក់ទងនឹងការដកខ្លួនចេញពីអង្គការនេះទេ។ អង្គការនេះបាននិយាយទៀតថា ៖”យើងសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តបោះបង់ចោលកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងដើម្បីបញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មអន្តរជាតិដ៏សាហាវបំផុត”។

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយនោះ ដោយប្រទេសវេណេស៊ុយអេឡា និង ICC ធ្លាប់មានការខ្វែងគំនិតគ្នាជាច្រើនរួចមកហើយ។ នៅក្នុងខែធ្នូ ឆ្នាំ២០២៥ រដ្ឋសភាវេណេស៊ុយអេឡាបានចាត់វិធានការដើម្បីលុបចោលលក្ខន្តិកៈទីក្រុងរ៉ូម ដែលជាឯកសារបង្កើត ICC។ នៅក្នុងខែមីនា ICC ក៏បានបដិសេធការអះអាងដែលដាក់ដោយប្រទេសវេណេស៊ុយអេឡា ដែលចោទប្រកាន់ថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសខ្លួន បានបង្កើតជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។

ជម្រាបជូនថា ICC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ និងមានទីស្នាក់ការកណ្តាលនៅប្រទេសហូឡង់ ដែលបច្ចុប្បន្នមានសមាជិកចំនួន ១២៥ ប្រទេស។ ស្ថាប័ននេះគឺជាតុលាការអចិន្ត្រៃយ៍សម្រាប់ចោទប្រកាន់បុគ្គលដែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមជាដើម៕​