សហភាពអឺរ៉ុប (EU) បានដាក់ពិន័យលើក្រុមហ៊ុន Google ជាទឹកប្រាក់ចំនួន ៨៩០លានអឺរ៉ូ (១ពាន់លានដុល្លារ) ដោយចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះថាបានបំពានច្បាប់ផ្តាច់មុខឌីជីថល (DMA) ជាមួយនឹងការទាក់ទាញអ្នកប្រើប្រាស់ឲ្យទៅរកសេវាកម្ម និងកម្មវិធីរបស់ខ្លួន និងធ្វើឲ្យដៃគូប្រកួតប្រជែងខាតបង់។

យោងតាមគណៈកម្មការអឺរ៉ុប (EC) ក៏បានបង្ហាញឲ្យដឹងផងដែរថា ក្រុមហ៊ុន Google បានទាញយកផលប្រយោជន៍ពីកម្មវិធី Google Play និង Google Search ដែលជាម៉ាស៊ីនស្វែងរកដ៏ធំជាងគេបំផុតរបស់ពិភពលោក ដើម្បីទាក់ទាញអ្នកប្រើប្រាស់ នៅក្នុងវិស័យលេចធ្លោជាច្រើន ដូចជាការដើរទិញឥវ៉ាន់ ការធ្វីដំណើរ ហ្គេម និងការបកប្រែភាសាជាដើម។
ទន្ទឹមនឹងនេះ លោកស្រី Teresa Ribera អនុប្រធានប្រតិបត្តិនៃគណៈកម្មការសម្រាប់ការផ្លាស់ប្តូរស្អាត យុត្តិធម៌ និងប្រកួតប្រជែង បាននិយាយថា៖” អ្នកប្រើប្រាស់អឺរ៉ុបមានសិទ្ធិត្រូវបានប្រាប់ដោយអ្នកអភិវឌ្ឍកម្មវិធីថាត្រូវចុះឈ្មោះសម្រាប់ការផ្តល់ជូនល្អបំផុតនៅទីណា មិនមែនបង្ខំឲ្យអ្នកប្រើប្រាស់ត្រូវតែប្រើសេវាកម្មរបស់ខ្លួននោះឡើយ”។
គួរជម្រាបជូនផងដែរថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Google ក៏បានចាញ់បណ្តឹងឧទ្ធរណ៍របស់ខ្លួនចំពោះការពិន័យប្រឆាំងនឹងច្បាប់ផ្តាច់មុខឌីជីថល ចំនួន ៤,៥ពាន់លានដុល្លារដែលដាក់ដោយសហភាពអឺរ៉ុបផងដែរ ចំពោះការរឹតបន្តឹងការប្រកួតប្រជែង និងការកាត់បន្ថយជម្រើសរបស់អ្នកប្រើប្រាស់តាមរយៈការត្រួតត្រានៃប្រព័ន្ធប្រតិបត្តិការ Android ចល័តរបស់ខ្លួន៕

