ការនាំចេញទុរេនស្រស់ពីកម្ពុជាទៅទីផ្សារចិនតាមច្រកប្រទេសឡាវ បានហក់ឡើងជិត ៤០ដង

សង្គម​ និង​សេដ្ឋកិច្ច

បើគិតត្រឹម ៧ខែដើមឆ្នាំ២០២៦ ការនាំចេញទុរេនស្រស់ពីកម្ពុជាទៅទីផ្សារចិន បានកើនឡើងជិត ៤០ដង បើធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ២០២៥។ នេះបើយោងតាមការបញ្ជាក់ពី លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈវីដេអូខ្លី ដែលផ្សាយចេញកាលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឃឹម ហ្វីណង់  បានបញ្ជាក់ថា លោកអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការដឹកជញ្ជូននាំចេញទុរេនស្រស់ជើងទី១ ចំនួន៣ កុងតឺន័រ (ប្រមាណជាង ៥០តោន) របស់ក្រុមហ៊ុន ពេជ្រជដា (Pechenda Fruit Production Co., Ltd.) ទៅកាន់ទីផ្សារប្រទេសចិន តាមច្រកដឹកជញ្ជូនផ្លូវគោកឆ្លងកាត់ប្រទេសឡាវ។

លោកបន្តថា ការនាំចេញទុរេនស្រស់ពីកម្ពុជាទៅទីផ្សារចិន បានហក់ឡើងដល់ ៥ ៧៣៨តោន (គិតត្រឹម ៧ខែដើមឆ្នាំ២០២៦) ដែលកើនឡើងជិត ៤០ដង បើធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ២០២៥។

លោកបញ្ជាក់ទៀតថា កត្តាគន្លឹះនៅពីក្រោយកំណើនដ៏គួរឱ្យកត់សម្គាល់នេះ គឺការបើកច្រកដឹកជញ្ជូនថ្មីឆ្លងកាត់ប្រទេសឡាវ។ ថ្វីដ្បិតតែទើបតែដាក់ឱ្យដំណើរការ តែច្រកថ្មីនេះបាននិងកំពុងរួមចំណែកស្រូបយកបរិមាណនាំចេញរហូតដល់ជិត ១០% នៃការនាំចេញទុរេនទៅកាន់ទីផ្សារប្រទេសចិនសរុបប្រចាំឆ្នាំ២០២៦ នេះរួចបាត់ទៅហើយ។

ជាមួយគ្នានេះ លោកបានចាត់ទុកថា សមិទ្ធផលនេះ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការសម្របសម្រួល បើកច្រកដឹកជញ្ជូនផ្លូវគោកថ្មីឆ្លងកាត់ប្រទេសឡាវ ដែលអាចកាត់បន្ថយរយៈពេលដឹកជញ្ជូនមកត្រឹមតែ ៥ ថ្ងៃ ប៉ុណ្ណោះ បើប្រៀបធៀបនឹងការដឹកជញ្ជូនតាមផ្លូវទឹកដែលត្រូវចំណាយពេលពី ១៥ ទៅ ២០ថ្ងៃ។

សូមរម្លឹកដែរថា កម្ពុជា-ឡាវ កាលថ្ងៃទី​២២ ខែមិថុនា ឆ្នាំ២០២៦ បានចាប់ផ្តើមបើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផលិតផលកម្ពុជា៦មុខ ទៅកាន់ទីផ្សារចិនជាផ្លូវការ ដែលរួមមានចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងទុរេន។ការ​បើក​ផ្លូវ​ឆ្លងកាត់​ជាផ្លូវការនៅពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ភាគី​កម្ពុជា និង ឡាវ បាន​ធ្វើការ​ចរចា​ជាមួយគ្នា​អស់​រយៈ​ពេល ៦ ខែ​កន្លង​មក។ច្រក​ថ្មី​នេះ នឹង​ធ្វើ​ឱ្យកម្ពុជា​ចំណេញ​ពេល​ដឹក​ជញ្ជូន​ដែល​ជា​ធម្មតា​ត្រូវ​ចំណាយ​ពេល​ពី ១៥​ទៅ​២០​ថ្ងៃ ហើយ​ឥឡូវ​អាច​បង្រួញ​មក​ត្រឹមតែ​១​សប្ដាហ៍តែប៉ុណ្ណោះ៕អត្ថបទ៖ហ្សាលីន