បើគិតត្រឹម ៧ខែដើមឆ្នាំ២០២៦ ការនាំចេញទុរេនស្រស់ពីកម្ពុជាទៅទីផ្សារចិន បានកើនឡើងជិត ៤០ដង បើធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ២០២៥។ នេះបើយោងតាមការបញ្ជាក់ពី លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈវីដេអូខ្លី ដែលផ្សាយចេញកាលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា លោកអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការដឹកជញ្ជូននាំចេញទុរេនស្រស់ជើងទី១ ចំនួន៣ កុងតឺន័រ (ប្រមាណជាង ៥០តោន) របស់ក្រុមហ៊ុន ពេជ្រជដា (Pechenda Fruit Production Co., Ltd.) ទៅកាន់ទីផ្សារប្រទេសចិន តាមច្រកដឹកជញ្ជូនផ្លូវគោកឆ្លងកាត់ប្រទេសឡាវ។
លោកបន្តថា ការនាំចេញទុរេនស្រស់ពីកម្ពុជាទៅទីផ្សារចិន បានហក់ឡើងដល់ ៥ ៧៣៨តោន (គិតត្រឹម ៧ខែដើមឆ្នាំ២០២៦) ដែលកើនឡើងជិត ៤០ដង បើធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ២០២៥។
លោកបញ្ជាក់ទៀតថា កត្តាគន្លឹះនៅពីក្រោយកំណើនដ៏គួរឱ្យកត់សម្គាល់នេះ គឺការបើកច្រកដឹកជញ្ជូនថ្មីឆ្លងកាត់ប្រទេសឡាវ។ ថ្វីដ្បិតតែទើបតែដាក់ឱ្យដំណើរការ តែច្រកថ្មីនេះបាននិងកំពុងរួមចំណែកស្រូបយកបរិមាណនាំចេញរហូតដល់ជិត ១០% នៃការនាំចេញទុរេនទៅកាន់ទីផ្សារប្រទេសចិនសរុបប្រចាំឆ្នាំ២០២៦ នេះរួចបាត់ទៅហើយ។
ជាមួយគ្នានេះ លោកបានចាត់ទុកថា សមិទ្ធផលនេះ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការសម្របសម្រួល បើកច្រកដឹកជញ្ជូនផ្លូវគោកថ្មីឆ្លងកាត់ប្រទេសឡាវ ដែលអាចកាត់បន្ថយរយៈពេលដឹកជញ្ជូនមកត្រឹមតែ ៥ ថ្ងៃ ប៉ុណ្ណោះ បើប្រៀបធៀបនឹងការដឹកជញ្ជូនតាមផ្លូវទឹកដែលត្រូវចំណាយពេលពី ១៥ ទៅ ២០ថ្ងៃ។
សូមរម្លឹកដែរថា កម្ពុជា-ឡាវ កាលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានចាប់ផ្តើមបើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផលិតផលកម្ពុជា៦មុខ ទៅកាន់ទីផ្សារចិនជាផ្លូវការ ដែលរួមមានចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងទុរេន។ការបើកផ្លូវឆ្លងកាត់ជាផ្លូវការនៅពេលនេះ ធ្វើឡើងបន្ទាប់ពីភាគីកម្ពុជា និង ឡាវ បានធ្វើការចរចាជាមួយគ្នាអស់រយៈពេល ៦ ខែកន្លងមក។ច្រកថ្មីនេះ នឹងធ្វើឱ្យកម្ពុជាចំណេញពេលដឹកជញ្ជូនដែលជាធម្មតាត្រូវចំណាយពេលពី ១៥ទៅ២០ថ្ងៃ ហើយឥឡូវអាចបង្រួញមកត្រឹមតែ១សប្ដាហ៍តែប៉ុណ្ណោះ៕អត្ថបទ៖ហ្សាលីន

