អ្នកចាត់ការក្រុមហ៊ុនខ្នាតយក្ស Tencent ត្រូវបណ្តេញចេញពីការងារ ក្រោយបង្ហាញប្រាក់រង្វាន់លើអ៊ីនធើណិត

អន្តរជាតិ

អ្នកចាត់ការទូទៅម្នាក់នៅក្នុងផ្អែក WeChat របស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សចិន Tencent ត្រូវបានបណ្តេញចេញពីការងារដោយសារតែបានធ្វើឲ្យលេចធ្លាយព័ត៌មានលម្អិតនៃប្រាក់រង្វាន់ចុងឆ្នាំដែលមានតម្លៃរាប់លានយ៉ន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីប្រកាសមួយពីនាយកដ្ឋានស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់ក្រុមហ៊ុន Tencent បានបង្ហាញថា អ្នកចាត់ការម្នាក់ដែលមាននាមត្រកូល Ye ធ្វើការនៅក្នុងផ្នែកស្នូលនៃកម្មវិធី WeChat ត្រូវបានបណ្តេញចេញ ដោយសារតែការលេចធ្លាយព័ត៌មានរសើបរបស់ក្រុមហ៊ុន និងបណ្តាលឲ្យមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរទាំងខាងផ្នែកខាងក្នុង និងខាងក្រៅក្រុមហ៊ុន។

ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ កាលពីថ្ងៃទី២៤ ខែកក្កដាថា លោក Ye ត្រូវបានដាក់ក្នុងបញ្ជីខ្មៅដោយសាជីវកម្ម ហើយនឹងមិនត្រូវជួលឲ្យមកធ្វើការឡើងវិញទៀតនោះឡើយទ បន្ទាប់ពីរូបលោកបានផ្សព្វផ្សាយរូបថតអេក្រង់ដែលបង្ហាញពីប្រាក់រង្វាន់ចុងឆ្នាំរបស់លោកចំនួន ៣,១៧លានយ៉ន់ (៤៧០ ០០០ដុល្លារ) រួមទាំងសាច់ប្រាក់សុទ្ធជាង ៨២០ ០០០យ៉ន់ និងភាគហ៊ុនមានតម្លៃជាង ២,៣៥លានយ៉ន់ផ្សេងទៀតផងដែរ។

លោក Ye ត្រូវបានទទួលស្គាល់ពីរដងថាជាបុគ្គលិកឆ្នើមរបស់ក្រុមហ៊ុនក្នុងឆ្នាំ២០២៥។ នេះជាមូលហេតុដែលរូបលោកទទួលបានប្រាក់រង្វាន់ខ្ពស់បែបនេះ។ ប្រព័ន្ធវាយតម្លៃការអនុវត្តការងាររបស់ក្រុមហ៊ុន Tencent ត្រូវបានបែងចែកជាបីកម្រិត៖ ល្អឥតខ្ចោះ ល្អ និងអន់។

គួរជម្រាបជូនថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Tencent បានពង្រឹងវិន័យផ្ទៃក្នុងរបស់ខ្លួនយ៉ាងខ្លាំង។ បទប្បញ្ញត្តិរបស់ក្រុមហ៊ុន គឺហាមឃាត់បុគ្គលិកមិនឱ្យបង្ហាញព័ត៌មានរសើបរបស់ក្រុមហ៊ុន រួមទាំងអាថ៌កំបាំងពាណិជ្ជកម្ម ការទំនាក់ទំនងផ្ទៃក្នុង កូដប្រភពដែលមិនទាន់ចេញផ្សាយ និងកំណត់ត្រាបុគ្គលិកជាដើម៕