ទីបំផុត ម្ចាស់ភាគហ៊ុន Tesla យល់ព្រមអនុម័តកញ្ចប់ប្រាក់ឈ្នួល ១ទ្រីលានដុល្លារ សម្រាប់ Elon Musk

អន្តរជាតិ

នៅថ្ងៃទី៦ ខែវិច្ឆិកាកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់កំពូល Tesla បានប្រកាសថា ម្ចាស់ភាគហ៊ុនជាង ៧៥% បានបោះឆ្នោតគាំទ្រការផ្តល់កញ្ចប់ប្រាក់ឈ្នួលចុងក្រោយបង្អស់មួយមានតម្លៃរហូតដល់ ១ទ្រីលានដុល្លារដែលត្រូវបានស្នើឡើងសម្រាប់នាយកប្រតិបត្តិ Elon Musk នៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុននាពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ចំពោះកញ្ចប់ប្រាក់ឈ្នួលដែលទើបតែត្រូវបានអនុម័តដោយម្ចាស់ភាគហ៊ុនរបស់ Tesla ត្រូវបានគេរំពឹងទុកថា អាចនឹងជួយឲ្យលោក Musk ក្លាយជាមហាសេដ្ឋីដំបូងគេបំផុតលើលោក ដែលមានទ្រព្យសម្បត្តិសរុបរហូតដល់ ១ទ្រីលានដុល្លារ។

គួរឲ្យដឹងផងដែរថា នៅក្នុងក្រុមហ៊ុន Tesla លោក Musk មិនទទួលបានប្រាក់ខែនោះឡើយ ប៉ុន្តែផ្ទុយមកវិញលោកទទួលបានចំណូលតាមរយៈការផ្តល់ភាគហ៊ុន ដោយផ្នែកទៅលើការអនុវត្តការងាររបស់លោក នៅក្នុងក្រុមហ៊ុន។

ជម្រាបជូនថា កាលពីពីរខែមុន ក្រុមប្រឹក្សាភិបាលរបស់ Tesla បានស្នើឱ្យផ្តល់ឱ្យ លោក Musk នូវកញ្ចប់ប្រាក់ឈ្នួលដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រសាជីវកម្មអាមេរិក។ ដូច្នេះ មហាសេដ្ឋីរូបនេះ អាចទទួលបានភាគហ៊ុន Tesla ចំនួនជាង ៤២៣ លានហ៊ុនបន្ថែមទៀតក្នុងរយៈពេល ១០ឆ្នាំខាងមុខ ​ប្រសិនបើលោកអាចសម្រេចបាននូវគោលដៅជាក់លាក់ដែលក្រុមហ៊ុនដាក់ឲ្យ៕​