នៅថ្ងៃព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងរាជបណ្ឌិត្យសភាកម្ពុជាជាមួយនឹងមជ្ឈមណ្ឌលម៉ុងហ្គោលីសម្រាប់កិច្ចការស្ម័គ្រចិត្ត នាទីក្រុងអ៊ូឡាន់បាតា។

នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នានេះ ស្ថាប័នទាំងពីរបានឯកភាពគ្នាបង្កើតកិច្ចសហប្រតិបត្តិការជាផ្លូវការរយៈពេលវែងលើ៧ចំណុច រួមមាន៖ ១.ជំរុញកិច្ចសហប្រតិបត្តិលើវិស័យកសិកម្ម និងចិញ្ចឹមសត្វ ២.ជំរុញការអភិវឌ្ឍសមត្ថភាពយុវជនដែលមានដូចជា កម្មវិធីផ្លាស់ប្ដូរយុវជនស្ម័គ្រចិត្តអន្តរជាតិ និងកម្មវិធីផ្លាស់ប្ដូរនិស្សិត ៣.ការសិក្សាស្រាវជ្រាវ ដែលមានដូចជា ការស្រាវជ្រាវរួមគ្នា ការផ្លាស់ប្ដូរជំនាញ និងការបោះពុម្ពផ្សាយលើប្រធានបទយុវជន ការអភិវឌ្ឍសហគមន៍ និងកិច្ចសហប្រតិបត្តិការតំបន់ ៤.ការផ្លាស់ប្ដូរឯកសារសិក្សា និងធនធានបណ្ណាល័យ
៥.កម្មវិធីលើកកម្ពស់សមត្ថភាព៖ កម្មវិធីភាពជាអ្នកដឹកនាំ វេទិកា កិច្ចប្រជុំ និងកិច្ចសន្ទនាលើការចូលរួមរបស់សង្គមស៊ីវិល និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ៦.ការផ្លាស់ប្ដូរវប្បធម៌៖ គំនិតផ្ដួចផ្ដើមពង្រឹងចំណង និងការស្វែងយល់ពីគ្នារវាងប្រជាជនប្រទេសទាំងពីរ និង៧.ការរៀបចំគម្រោងនិងកម្មវិធីរួមគ្នា ដើម្បីស្នើសុំជំនួយពីកម្មវិធីអន្តរជាតិ និងគំនិតផ្ដួចផ្ដើមការអភិវឌ្ឍតំបន់៕



