អ្នកតាក់តែងច្បាប់ប្រជាធិបតេយ្យកំពុងទាមទារឱ្យប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino បង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការយុត្តិធម៌សភាដើម្បីសាកសួរអំពីទំនាក់ទំនងរបស់លោកជាមួយប្រធានាធិបតី លោក ដូណាល់ ត្រាំ នាពេលកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Anadolu។

នៅថ្ងៃទី២៦ ខែកក្កដា សមាជិកសភា លោក Jamie Raskin ដែលជាសមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការយុត្តិធម៌សភា បានស្នើឱ្យមានការស៊ើបអង្កេតលើប្រធាន FIFA លោក Gianni Infantino អំពីទំនាក់ទំនងរបស់ស្ថាប័នអន្តរជាតិមួយនេះ ជាមួយប្រធានាធិបតីលោក ត្រាំ និងរដ្ឋាភិបាលអាមេរិកបច្ចុប្បន្ន។
នៅក្នុងលិខិតដែលផ្ញើទៅកាន់លោក Infantino លោក Raskin បានស្នើសុំឱ្យ FIFA ផ្តល់ឯកសារ និងការទំនាក់ទំនងទាំងអស់ ពាក់ព័ន្ធទៅនឹងអំណោយ ការទូទាត់ និងអត្ថប្រយោជន៍ដែលផ្តល់ឱ្យលោក ត្រាំ ឬសហការីរបស់គាត់ ក៏ដូចជាកំណត់ហេតុនៃអ្នកទស្សនាផងដែរ។
យោងតាមលោក Raskin ការស៊ើបអង្កេតទាំងនេះ នឹងពិនិត្យមើលថាតើ FIFA មាន “យុទ្ធនាការរយៈពេលវែង” ដើម្បីស្វែងរកការពេញចិត្តពីរដ្ឋបាលលោក ត្រាំ ដែរឬទេ រួមទាំងការសម្រេចចិត្តរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកក្នុងការលុបចោលការចោទប្រកាន់ទាក់ទងនឹងអំពើពុករលួយនៅក្នុង FIFA ថែមទៀតផង។
សមាជិកសភាប្រជាធិបតេយ្យរូបនេះ ក៏បានចោទប្រកាន់ FIFA ទៀតថាបានទាញយកប្រយោជន៍ពីទំនាក់ទំនងរបស់ខ្លួនជាមួយរដ្ឋបាលលោក ត្រាំ ដើម្បី “បំប៉ោងតម្លៃដោយខុសច្បាប់ និងលក់សំបុត្រក្លែងក្លាយ” សម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ កន្លងទៅ។
ជម្រាបជូនផងដែរថា ទំនាក់ទំនងរវាងប្រធានាធិបតីអាមេរិក និងប្រធាន FIFA បានក្លាយជាចំណុចដ៏ក្តៅគគុកនៃការចាប់អារម្មណ៍ពីមហាជន ក្នុងអំឡុងពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ដែលរៀបចំធ្វើឡើងលើទឹកដីសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា នាពេលកន្លងទៅថ្មីៗនេះ៕

