ទ្រព្យសម្បត្តិសរុបរបស់កំពូលមហាសេដ្ឋីមានដាច់គេលើលោក Elon Musk បានធ្លាក់ចុះមកនៅក្រោម ៧០០ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ធ្លាក់ចុះ ៤,៥% កាលពីថ្ងៃចន្ទ ដែលជាការបន្តធ្លាក់ចុះអស់ ៥០% ហើយ គិតចាប់តាំងពីពាក់កណ្តាលខែមិថុនាមក។

ជុំវិញការធ្លាក់ចុះនេះផងដែរ បានកាត់បន្ថយចំនួនទ្រព្យសម្បត្តិសរបស់លោក Musk ជិត ៣០ពាន់លានដុល្លារ មកនៅត្រឹម ៦៩៥,៧ពាន់លានដុល្លារ ទោះបីជាលោកនៅតែបន្តកាន់តំណែងជាអ្នកមានដាច់គេរបស់ពិភពលោក ដោយនាំមុខលើសហស្ថាបនិកក្រុមហ៊ុន Google លោក Larry Page ដែលមានទ្រព្យសម្បត្តិសរុបប្រមាណជាង ២៦៨ពាន់លានដុល្លារក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
គួរឲ្យដឹងផងដែរថា កន្លងមក លោក Musk ធ្លាប់បានឡើងតំណែងជាមហាសេដ្ឋីលុយទ្រីលានដុល្លារដំបូងគេរបស់ពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ IPO លើកដំបូងរបស់ក្រុមហ៊ុន SpaceX កាលពីដើមខែនេះ ខណៈពេលដែលទ្រព្យសម្បត្តិសរុបរបស់លោក បានកើនឡើងដល់ប្រមាណជាង ១,៣ទ្រីលានដុល្លារឯណោះ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជុំវិញការធ្លាក់ចុះជាបន្តបន្ទាប់នៃភាគហ៊ុនរបស់ក្រុមហ៊ុន SpaceX និង Tesla បានបង្ហាញពីការប្រែប្រួលយ៉ាងខ្លាំងនៃទ្រព្យសម្បត្តិសរបស់លោក Musk ដែលជាប់ទាក់ទងទៅនឹងដំណើរការនៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនដែលលោកកាន់កាប់៕

