ទប់ទល់នឹងការធ្លាក់ចុះភ្ញៀវទេសចរក្នុងឆមាសទី១ ឆ្នាំនេះ! រដ្ឋ-ឯកជន បើកកិច្ចប្រជុំបន្ទាន់ រួមគ្នាដាក់ចេញយុទ្ធសាស្ត្រ  និងវិធានការគន្លឹះ ដើម្បីស្តារវិស័យទេសចរណ៍កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ទប់ទល់នឹងការធ្លាក់ចុះនៃភ្ញៀវទេសចរអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ២០២៦ វិស័យរដ្ឋ និងឯកជន បានរួមគ្នាបង្កើនកិច្ចសហការក្នុងក្របខណ្ឌ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) ដោយដាក់ចេញនូវយុទ្ធសាស្ត្រ វិធានការគន្លឹះបន្ទាន់ និងសកម្មភាពអនុវត្តជាក់ស្តែង ដើម្បីស្តារ និងពង្រឹងទំនុកចិត្តទេសចរអន្តរជាតិ ព្រមទាំងទាក់ទាញទេសចរអន្តរជាតិពីទីផ្សារគោលដៅមកកាន់កម្ពុជាឡើងវិញ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានដឹក​នាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) និងលើកទិសដៅការងារបន្ត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី សមាជិក ក.ផ.ផ. ដែលមាន ឯកឧត្តម លោកជំទាវ មកពីក្រសួង ស្ថាប័នរដ្ឋ និង លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលមកពីផ្នែកឯកជន ព្រមទាំងអង្គភាពប្រតិបត្តិរបស់ ក.ផ.ផ. សរុបប្រមាណ ៣០រូប។

សូមបញ្ជាក់ជូនថានេះក៏ជាកិច្ចប្រជុំលើកទី១០របស់ក្រុមប្រឹក្សាភិបាល ដែលរៀបចំឡើងដើម្បីវាយតម្លៃពីស្ថានភាព និងបញ្ហាប្រឈមសំខាន់ៗដែលកំពុងប៉ះពាល់ដល់វិស័យទេសចរណ៍ រួមមានបញ្ហាព្រំដែនកម្ពុជា-ថៃ, ឥទ្ធិពលព័ត៌មានអវិជ្ជមាន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ព្រមទាំងសង្គ្រាមនៅអ៊ីរ៉ង់ដែលធ្វើឱ្យកើនឡើងថ្លៃប្រេងឥន្ធនៈដែលជះឥទ្ធិពលដល់ការធ្វើដំណើរអន្តរជាតិ។

ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ អង្គប្រជុំបានឯកភាពដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីស្តារទំនុកចិត្ត និងទាក់ទាញទេសចរអន្តរជាតិមកកម្ពុជា ដែលមានជាអាទិ៍៖ ការពង្រីកទីផ្សារទេសចរណ៍ផ្ទាល់ និងទីផ្សារ «បូក១» តាមរយៈវៀតណាម និងសិង្ហបុរី និងទីផ្សារសក្តានុពលផ្សេងទៀត, ការកសាងទំនុកចិត្តរបស់ទេសចរអន្តរជាតិ តាមរយៈការពង្រឹងការផ្សព្វផ្សាយជាមួយស្ថាប័នសារព័ត៌មានអន្តរជាតិធំៗ និងការអញ្ជើញអ្នកសារព័ត៌មានអន្តរជាតិ ក្រុមហ៊ុនទេសចរណ៍អន្តរជាតិ និងអ្នកបង្កើតមាតិកាបរទេសល្បីៗមកទស្សនាកម្ពុជា ព្រមទាំងការជំរុញការងារភាពយន្តទេសចរណ៍។ ជាមួយគ្នានេះ, យើងត្រូវទាញយកអត្ថប្រយោជន៍ពីគោលនយោបាយលើកលែងទិដ្ឋាការចិនរយៈពេល៤ខែ, កិច្ចប្រជុំកំពូលហ្វ្រង់កូហូនី, ព្រមទាំងការនាំយកព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗមកកម្ពុជានៅពេលខាងមុខ ដូចជា ការប្រកួតវគ្គផ្តាច់ព្រ័តកីឡាវាយកូនគោលលំដាប់ពិភពលោក Legend Tours 2026, ព្រឹត្តិការណ៍កីឡាទេសចរណ៍ និង ព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិមួយចំនួនទៀតនៅអំឡុងឆមាសទី២ ឆ្នាំ២០២៦ និង ដើមឆ្នាំ២០២៧។  

លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានគូសបញ្ជាក់បន្ថែមថានៅក្នុងកាលៈទេសៈដ៏លំបាក គឺទាមទារឱ្យមានការចូលរួមពីគ្រប់ផ្នែក គ្រប់ថ្នាក់ ក្នុងស្មារតីសាមគ្គីភាពរួបរួម​ឯកភាពជាធ្លុងមួយក្រោមដំបូលរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត, ពង្រឹងភាពធន់បន្ថែមទៀត និងពង្រឹងភាពម្ចាស់ការបន្ថែមទៀត សំដៅម៉្យាង បន្តរក្សាឱ្យបាននូវភាពធន់នៃវិស័យទេសចរណ៍កម្ពុជា, និងម៉្យាងទៀតបន្តជំរុញសន្ទុះវិស័យទេសចរណ៍ ដើម្បីរក្សានូវភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ប្រកបដោយភាពជឿជាក់ ច្នៃប្រឌិត និងបត់បែនឱ្យទាន់សភាពការណ៍ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងនិរន្តរភាព។