តម្លៃទីផ្សាររបស់ក្រុមហ៊ុនខ្នាតយក្ស Apple ឈានដល់ ៥ទ្រីលានដុល្លារ ជាលើកដំបូង

អន្តរជាតិ

បន្ទាប់ពីបានវ៉ាដាច់ Nvidia ក្លាយជាក្រុមហ៊ុនដែលមានតម្លៃមូលធនទីផ្សារថ្លៃបំផុតនៅលើពិភពលោក ឥឡូវនេះ​ Apple បានបន្តបំបែកកំណត់ត្រារបស់ខ្លួន ដោយឈានដល់តម្លៃនៅលើទីផ្សារជាង ៥ទ្រីលានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងអំឡុងពេលវគ្គជួញដូរនៅថ្ងៃទី២៨ ខែកក្កដា ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងដល់កម្រិតកំពូល ៣៤២,៨ដុល្លារក្នុងមួយហ៊ុន ដែលបង្កើនតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនដល់ ៥ទ្រីលានដុល្លារជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនទីពីរនៅលើពិភពលោក បន្ទាប់ពី Nvidia ដែលមានតម្លៃទីផ្សារឈានដល់ចំណុចដ៏ខ្ពស់បែបនេះ។

គួរឲ្យដឹងផងដែរថា គិតចាប់តាំងពីដើមឆ្នាំនេះមក ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើង ២៥% ដែលត្រូវបានជំរុញដោយលទ្ធផលដ៏ល្អៗ បើធៀបទៅនឹងក្រុមហ៊ុនខ្នាតយក្សជាច្រើនផ្សេងទៀត។

ជម្រាបជូនថា ភាគហ៊ុនរបស់ក្រុមហ៊ុន Apple នៅតែបន្តកើនឡើងជាប់ បើទោះបីជាក្រុមហ៊ុនបានដំឡើងថ្លៃលើឧបករណ៍មួយចំនួនដោយសារតែកង្វះខាតបន្ទះឈីបអង្គចងចាំសកលក៏ដោយ។ ក្រុមហ៊ុន Apple នឹងប្រកាសលទ្ធផលប្រាក់ចំណូលប្រចាំត្រីមាសរបស់ខ្លួននៅថ្ងៃទី៣០ ខែកក្កដាខាងមុខ ដែលនេះនឹងជាកិច្ចប្រជុំចុងក្រោយរបស់លោក Tim Cook ក្នុងនាមជានាយកប្រតិបត្តិមុនពេលលោក John Ternus ចូលកាន់តំណែងជំនួសនៅថ្ងៃទី១ ខែកញ្ញា៕​