បន្ទាប់ពីបានវ៉ាដាច់ Nvidia ក្លាយជាក្រុមហ៊ុនដែលមានតម្លៃមូលធនទីផ្សារថ្លៃបំផុតនៅលើពិភពលោក ឥឡូវនេះ Apple បានបន្តបំបែកកំណត់ត្រារបស់ខ្លួន ដោយឈានដល់តម្លៃនៅលើទីផ្សារជាង ៥ទ្រីលានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

ក្នុងអំឡុងពេលវគ្គជួញដូរនៅថ្ងៃទី២៨ ខែកក្កដា ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងដល់កម្រិតកំពូល ៣៤២,៨ដុល្លារក្នុងមួយហ៊ុន ដែលបង្កើនតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនដល់ ៥ទ្រីលានដុល្លារជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនទីពីរនៅលើពិភពលោក បន្ទាប់ពី Nvidia ដែលមានតម្លៃទីផ្សារឈានដល់ចំណុចដ៏ខ្ពស់បែបនេះ។
គួរឲ្យដឹងផងដែរថា គិតចាប់តាំងពីដើមឆ្នាំនេះមក ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើង ២៥% ដែលត្រូវបានជំរុញដោយលទ្ធផលដ៏ល្អៗ បើធៀបទៅនឹងក្រុមហ៊ុនខ្នាតយក្សជាច្រើនផ្សេងទៀត។
ជម្រាបជូនថា ភាគហ៊ុនរបស់ក្រុមហ៊ុន Apple នៅតែបន្តកើនឡើងជាប់ បើទោះបីជាក្រុមហ៊ុនបានដំឡើងថ្លៃលើឧបករណ៍មួយចំនួនដោយសារតែកង្វះខាតបន្ទះឈីបអង្គចងចាំសកលក៏ដោយ។ ក្រុមហ៊ុន Apple នឹងប្រកាសលទ្ធផលប្រាក់ចំណូលប្រចាំត្រីមាសរបស់ខ្លួននៅថ្ងៃទី៣០ ខែកក្កដាខាងមុខ ដែលនេះនឹងជាកិច្ចប្រជុំចុងក្រោយរបស់លោក Tim Cook ក្នុងនាមជានាយកប្រតិបត្តិមុនពេលលោក John Ternus ចូលកាន់តំណែងជំនួសនៅថ្ងៃទី១ ខែកញ្ញា៕

