សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា គ្មានការកែទម្រង់កាត់ក្រសួងនេះ ទៅដាក់ក្រសួងនោះឡើយ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសជំហរថ្មីថា កម្ពុជាគ្មានការកែទម្រង់កាត់ក្រសួងនេះ ទៅដាក់ក្រសួងនោះឡើយ។ នេះបើយោងតាមប្រសាសន៍របស់ សម្តេច នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់​ម្ចាស់​​​អចល​នវត្ថុចំនួន ២៣ ០៧៦បណ្ណជូនប្រជាពលរដ្ឋក្នុងឃុំជ័យធំ ឃុំរ​កា​ជន្លឹង និងឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នានបញ្ជាក់ថា បន្ទាប់ពីមានការជជែកដេញដោលជាបន្តបន្ទាប់ ក្នុងរង្វង់បណ្ឌិតបញ្ញវន្ត និងអ្នកប្រើប្រាស់បណ្តាញសង្គមថា កម្ពុជានឹងមានការបង្រួមក្រសួងស្ថាប័ន ដែលមានមុខងារជាន់គ្នា នៅថ្ងៃខាងមុខ។សម្តេចថា ការបំផុសបំផុលអំពីការបង្រួមក្រសួងស្ថាប័ន បានធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់មន្ត្រីរាជការ ហើយក៏ជាព័ត៌មានមិនពិតផងដែរ ដែលសម្តេចត្រូវយកឱកាសនេះបញ្ជាក់ឱ្យច្បាស់។

សម្តេចបញ្ជាក់ដូច្នេះថា៖ «ម្ពុជាមិនមានការបង្រួមក្រសួងស្ថាប័ននោះទេ ពោលគ្មានការកែទម្រង់កាត់ក្រសួងនេះ ទៅដាក់ក្រសួងនោះឡើយ ហើយអំពាវនាវឱ្យឈប់ជជែករឿងរំលាយក្រសួងតទៅទៀត គ្មាននរណាកែទម្រង់១ថ្ងៃ តាមការនឹកឃើញនោះទេ ខ្ញុំដឹងថា នៅវៀតណាម មុននឹងកែទម្រង់នេះ គាត់សិក្សា យូរដែរហើយ ក្នុងការកែទម្រួលពីលើដល់ក្រោម ដូចជាកាត់ថ្នាក់ស្រុកមួយចោលទៀត»។

សម្តេច បន្ថែមថា ការលើកយោបល់សម្តេចទទួលយក ប៉ុន្តែរបៀបធ្វើការងារក្នុងប្រទេសនីមួយៗគឺមិនដូចគ្នាទេ។ សម្តេចបានលើកឡើងថា នៅប្រទេសមួយចំនួន ក្រសួងពាណិជ្ជកម្ម នៅជាមួយក្រសួងការបរទេសមានអូស្រ្តាលីជាដើម ដោយសារតែគោលនយោបាយដើរជាមួយគ្នា។ ចំណែកប្រទេសខ្លះទៀត ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បែរជានៅជាមួយគ្នាទៅវិញ។

ជាថ្មីម្តងទៀត សម្តេចបញ្ជាក់បន្ថែមទៀតថា រឿងមិនពិតនេះបើយើងមិនបកស្រាយទាន់ពេលទេ គឺនឹងធ្វើឱ្យមានការជ្រួលច្របល់ ។សម្តេច ក៏បានអំពាវនាវឱ្យឈប់ជជែកអំពីការបង្រួមក្រសួង ដែលពេលនេះកម្ពុជាប្រកាន់យកនូវការពង្រឹងក្រសួងស្ថាប័នតែប៉ុណ្ណោះ ពោលគឺមានន័យថា ក្រសួងនីមួយៗអាចពង្រឹងនាយកដ្ឋានក្រោមឪវាត់របស់ខ្លួនឱ្យច្បាស់លាស់និងប្រសិទ្ធភាពការងារខ្ពស់៕អត្ថបទ៖ហ្សាលីន