តបតាមការអញ្ជើញរបស់រដ្ឋកូវ៉ែតជាម្ចាស់ផ្ទះ និងអគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការឌីជីថល (Digital Cooperation Organization – DCO) លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងកម្ពុជាបានដឹកនាំគណៈប្រតិភូក្រសួងចូលរួមជាភ្ញៀវ (Guest Country) ក្នុងមហាសន្និបាតលើកទី៥ នៃអង្គការ DCO ក្រោមប្រធានបទ “វិបុលភាពប្រកបដោយបរិយាបន្នក្នុងយុគសម័យបញ្ញាសិប្បនិម្មិត” កាលពីថ្ងៃទី៤-៥ ខែកុម្ភៈ ឆ្នាំ២០២៦។

មហាសន្និបាតនេះ មានការចូលរួមពីរដ្ឋមន្រ្តីនិងថ្នាក់ដឹកនាំនៃក្រសួងទទួលបន្ទុកឌីជីថលរបស់បណ្តាប្រទេសជាសមាជិកនិងប្រទេសជាភ្ញៀវ ស្ថាប័នសង្កេតការណ៍ ដៃគូ និងវិស័យឯកជន មកពីប្រមាណ៦០ប្រទេសផងដែរ។
ក្នុងវេទិកាកិច្ចសហការឌីជីថលអន្តរជាតិ (International Digital Cooperation Forum – IDCF) ដែលជាព្រឹត្តិការណ៍អមនៃមហាសន្និបាតលើកទី៥ នៃអង្គការ DCO លោក ជា វ៉ាន់ដេត ក៏បានចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាលើការគ្រប់គ្រងហានិភ័យបញ្ញាសិប្បនិម្មិតដែលមានលក្ខណៈជាប្រព័ន្ធផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយបណ្ដារដ្ឋមន្ត្រីឌីជីថលនិងតំណាងមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហ្ស៊កដានី កេនយ៉ា និងបង់ក្លាដេស ព្រមទាំងលោកជំទាវអគ្គលេខាធិការនៃ DCO និងដៃគូអន្តរជាតិមួយចំនួនទៀត ដែលទទួលបានលទ្ធផលជាផ្លែផ្កាជាច្រើន រួមមានកិច្ចសហការផ្ទេរបច្ចេកវិទ្យាឌីជីថល ការកសាងសមត្ថភាពផ្នែកគោលនយោបាយឌីជីថល និងការសហការជ្រោមជ្រែងគ្នាទៅវិញទៅមកលើឆាកអន្តរជាតិនានា។

សូមបញ្ជាក់ថា បច្ចុប្បន្ន អង្គការ DCO បានបង្កើតនៅឆ្នាំ២០២០ មានសមាជិកចំនួន ១៦ប្រទេស ស្ថាប័នសង្កេតការណ៍ចំនួន ៤៩ និងស្ថាប័នដៃគូចំនួន ២០ ហើយអង្គការនេះមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍសង្គមតាមរយៈកិច្ចសហការវិស័យឌីជីថល ដោយរួមគ្នាការពារផលប្រយោជន៍របស់រដ្ឋសមាជិក៕


