រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) សំដៅប្រែក្លាយវិស័យសហគ្រាសធុនតូច និងមធ្យមឱ្យទៅជាក្បាលម៉ាស៊ីនដ៏មានថាមពល។

នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងជំនួបពិភាក្សាជាមួយគណៈប្រតិភូនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC កាលថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦។ ជំនួបពិភាក្សារវាងភាគីទាំងពីរត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងតំណាងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ ឧកញ៉ា តែ តាំងប៉ បានលើកឡើងនូវមតិយោបល់មួយចំនួនទៅកាន់អង្គពិភាក្សា ដែលអាចនិយាយបានថាជាតម្រូវការរួមរបស់សហគ្រិនក្នុងស្រុក សំដៅពង្រឹង និងពង្រីកខ្សែច្រវាក់តម្លៃផលិតកម្មក្នុងស្រុក ក៏ដូចជាសម្រួលដល់កិច្ចការងាររដ្ឋបាល និងបទដ្ឋានគតិយុត្តផ្សេងៗ ឱ្យកាន់តែមានភាពសាមញ្ញ ឆាប់រហ័ស និងមានលក្ខណៈអំណោយផលដល់សហគ្រិន។

ជាការឆ្លើយតប និងមតិយោបល់ និងសំណូមពរទាំងនោះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ FASMEC ក្នុងស្មារតីជួយជ្រោមជ្រែង ដើម្បីប្រែក្លាយវិស័យសហគ្រាសធុនតូច និងមធ្យមឱ្យទៅជាក្បាលម៉ាស៊ីនដ៏មានថាមពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាពនិងបរិយាបន្ន។
ឆ្លៀតក្នុងជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ដោយបានស្នើឱ្យម្ចាស់សហគ្រាសផលិតទាំងអស់យកចិត្តទុកដាក់ខ្ពស់លើគុណភាព និងសុវត្ថិភាពផលិតផល និងពង្រឹងសមត្ថភាពប្រកួតប្រជែងដើម្បីជំនួសការនាំចូល និងឈានទៅនាំចេញនាពេលខាងមុខ៕ អត្ថបទ៖ហ្សាលីន



