ក្រុមហ៊ុន QINGDAO JIFA GROUP គឺជាសាជីវកម្មខ្នាតធំមកពីប្រទេសចិន ក្នុងពេលឆាប់ៗនេះ ពង្រីកវិនិយោគលើការបង្កើតឧស្សាហកម្មផលិតកម្មសម្លៀកបំពាក់នៅកម្ពុជា។នេះបើយោងតាមជំនួបពិភាក្សារវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុន QINGDAO JIFA GROUP ដែលដឹកនាំដោយលោកស្រី ឆិន ស័ងអ៊ីន (Chen Shuangyin) ប្រធានក្រុមហ៊ុន កាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។

នៅក្នុងឱកាសនោះ លោកស្រី ឆិន ស័ងអ៊ីន (Chen Shuangyin) ប្រធានក្រុមហ៊ុន បានលើកឡើងថា ដោយមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រុមហ៊ុនគ្រោងធ្វើការវិនិយោគបន្ថែមទៀត ក្នុងការបង្កើតជាចង្កោមឧស្សាហកម្មរាប់តាំងពីដើមទីដល់ចុងទីនៃខ្សែច្រវាក់ផលិតកម្មសម្លៀកបំពាក់រហូតដល់ការនំាំចេញ។

ជាការឆ្លើយតប លោកអគ្គលេខាធិការ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន QINGDAO JIFA GROUP ដែលបានជ្រើសរើសកម្ពុជាជាទីតាំងវិនិយោគរបស់ខ្លួន តាមរយៈការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តស្វាយរៀងនាពេលកន្លងមក។ បន្ថែមពីនេះ លោកក៏បានជម្រាបជូនគណៈប្រតិភូពីសក្តានុពល និងវឌ្ឍនភាពរបស់តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាដែលបាននិងកំពុងរីកដុះដាល និងមានសកម្មភាពគួរជាទីកត់សម្គាល់។ ចំពោះគម្រោងថ្មីរបស់ក្រុមហ៊ុន លោកបានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការគិតគូរបង្កើតរោងចក្ររបស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ ជាជាងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី។
សូមជម្រាបដែរថា ក្រុមហ៊ុន QINGDAO JIFA GROUP គឺជាក្រុមហ៊ុនចិនមួយ ដែលបានវិនិយោគបង្កើតរោងចក្រកាត់ដេរនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ស្វាយរៀង តាំងពីឆ្នាំ២០១៣មក ដោយមានកម្មករប្រមាណ៣.៥០០នាក់កំពុងបម្រើការផងដែរ ៕ អត្ថបទ៖ហ្សាលីន


