ក្រុមហ៊ុនចិនមួយ ចង់ពង្រីកការវិនិយោគបង្កើតជាចង្កោមឧស្សាហកម្មផលិតកម្មសម្លៀកបំពាក់នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន QINGDAO JIFA GROUP គឺជាសាជីវកម្មខ្នាតធំមកពីប្រទេសចិន ក្នុងពេលឆាប់ៗនេះ ពង្រីកវិនិយោគលើការបង្កើតឧស្សាហកម្មផលិតកម្មសម្លៀកបំពាក់នៅកម្ពុជា។នេះបើយោងតាមជំនួបពិភាក្សារវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុន QINGDAO JIFA GROUP ដែលដឹកនាំដោយលោកស្រី ឆិន ស័ងអ៊ីន (Chen Shuangyin) ប្រធានក្រុមហ៊ុន កាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសនោះ លោកស្រី ឆិន ស័ងអ៊ីន (Chen Shuangyin) ប្រធានក្រុមហ៊ុន បានលើកឡើងថា ដោយមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រុមហ៊ុនគ្រោងធ្វើការវិនិយោគបន្ថែមទៀត ក្នុងការបង្កើតជាចង្កោមឧស្សាហកម្មរាប់តាំងពីដើមទីដល់ចុងទីនៃខ្សែច្រវាក់ផលិតកម្មសម្លៀកបំពាក់រហូតដល់ការនំាំចេញ។

ជាការឆ្លើយតប លោកអគ្គលេខាធិការ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន QINGDAO JIFA GROUP ដែលបានជ្រើសរើសកម្ពុជាជាទីតាំងវិនិយោគរបស់ខ្លួន តាមរយៈការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តស្វាយរៀងនាពេលកន្លងមក។ បន្ថែមពីនេះ លោកក៏បានជម្រាបជូនគណៈប្រតិភូពីសក្តានុពល និងវឌ្ឍនភាពរបស់តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាដែលបាននិងកំពុងរីកដុះដាល និងមានសកម្មភាពគួរជាទីកត់សម្គាល់។ ចំពោះគម្រោងថ្មីរបស់ក្រុមហ៊ុន លោកបានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការគិតគូរបង្កើតរោងចក្ររបស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ ជាជាងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី។

សូមជម្រាបដែរថា ក្រុមហ៊ុន QINGDAO JIFA GROUP គឺជាក្រុមហ៊ុនចិនមួយ ដែលបានវិនិយោគបង្កើតរោងចក្រកាត់ដេរនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ស្វាយរៀង តាំងពីឆ្នាំ២០១៣មក ដោយមានកម្មករប្រមាណ៣.៥០០នាក់​កំពុងបម្រើការផងដែរ ៕ អត្ថបទ៖ហ្សាលីន