៦ខែ មកនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បង្ក្រាបក្រុម Online Scam បានជិត៥០០កន្លែង

សង្គម​ និង​សេដ្ឋកិច្ច

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) បានចំនួន ៤៨៨កន្លែង ឃាត់ខ្លួនក្នុងរង្វង់ប្រតិបត្តិការ ២០.៩២៦នាក់ និងបណ្ដេញចេញពីប្រទេស ១៦.១២៧នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំងរស់នៅប្រមូលផ្ដុំចំនួន ២៨.៥១២ទីតាំង ស្មើនឹងមនុស្សចំនួន ១៦៧.១៥៣នាក់។

ជាមួយគ្នានេះ ក៏បានត្រួតពិនិត្យរដ្ឋបាលតាមដងផ្លូវសំខាន់ៗចំនួន ២១.២២៥លើក ស្មើនឹងមនុស្សចំនួន ៤៤.៩៧៦នាក់​ ទូទាំង ២៥រាជធានី ខេត្ត និងការផាកពិន័យតាមអនុក្រឹត្យលេខ ០៣ លើម្ចាស់ រួមទាំងអ្នកគ្រប់គ្រងទីតាំង បានទឹកប្រាក់ចំនួន ៧ប៊ីលាន ៧៦៣.២០០.០០០រៀល។

គួរឱ្យដឹងថា ពាក់ព័ន្ធនឹង Online Scam នេះ ក្នុងជំនួបជាមួយលោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានបញ្ជាក់ថា ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនមែនជាបញ្ហារបស់កម្ពុជាតែមួយនោះទេ ប៉ុន្តែជាវិបត្តិសកលដែលកំពុងរីករាលដាលនៅក្នុងប្រទេសជាច្រើន។

រាជរដ្ឋាភិបាលមានឆន្ទៈខ្ពស់ក្នុងការបង្ក្រាប និងបោសសម្អាតបណ្ដាញឧក្រិដ្ឋកម្មទាំងនេះ ប៉ុន្តែការអនុវត្តច្បាប់ត្រូវធ្វើស្របតាមនីតិវិធី និងគោលការណ៍មនុស្សធម៌ ដោយគិតគូរដល់សុវត្ថិភាព និងសុខុមាលភាពរបស់ទាំងពលរដ្ឋកម្ពុជា និងជនបរទេសដែលរងគ្រោះ។ នេះជាការលើកឡើងបន្ថែមរបស់ លោក ឆៃ ស៊ីណារិទ្ធ។