សម្តេច ស ខេង៖ អតីតឯកអគ្គរដ្ឋទូតជប៉ុននៅកម្ពុជាច្រើនរូប ចប់អាណត្តិតែងវិលត្រឡប់មកវិញជួយអភិវឌ្ឍនិងវិនិយោគ

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា-ជប៉ុន បានបង្កើតទំនាក់ទំនងការទូតផ្លូវការនៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣។ ក្នុងឆ្នាំ២០២២នេះ គឺជាខួបលើកទី៦៩ឆ្នាំ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមបេក្ខជនជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន ក្របខណ្ឌកម្មវិធី «អ្នកដឹកនាំវ័យក្មេង Young Leader Program» ឆ្នាំ២០២២ នៅថ្ងៃទី១៩ ខែកញ្ញានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ជប៉ុនជាប្រទេសមួយបានរួមចំណែកយ៉ាងច្រើនដល់ការស្ដារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា និងថាក្រៅពីបានផ្ដល់ជំនួយនិងកម្ចីជាច្រើនហើយនោះ ជប៉ុនក៏បានបង្កលក្ខណៈឱ្យក្រុមអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជាជាបន្តបន្ទាប់ដែរ ទាំងសហគ្រាសធនតូច និងមធ្យម។

សម្ដេចក្រឡាហោម បន្ថែមថា ពេលនេះ ជប៉ុនក៏កំពុងចូលរួមចំណែកអភិវឌ្ឍន៍កំពង់ផែព្រះសីហនុ ហើយក៏មានអង្គការជប៉ុនមួយចំនួនបានកៀគរជំនួយមកជួយសាងសង់សាលារៀនតាមតំបន់ជនបទនៅកម្ពុជា ។

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាអតីតឯកអគ្គរដ្ឋទូតជប៉ុននៅកម្ពុជាជាច្រើនរូប សម្ដេចកត់សម្គាល់ថាក្រោយពេលបញ្ចប់បេសកកម្មការទូតនៅកម្ពុជាហើយនោះ ពួកគេបានវិលមកកម្ពុជាជាថ្មីទៀត ដោយបង្កើតជាអង្គការ សមាគម និងក្រុមហ៊ុននានាដើម្បីរួមចំណែកជួយអភិវឌ្ឍប្រទេសកម្ពុជា និងជំរុញការវិនិយោគនៅក្នុងប្រទេសកម្ពុជា តាមរយៈការកៀគរវិនិយោគទុនមកសិក្សាស្វែងយល់ពីស្ថានភាព និងឱកាសប្រកបដោយសក្ដានុពលរបស់កម្ពុជា។

ទំនាក់ទំនងរវាងជប៉ុន-កម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ គឺមានភាពល្អប្រសើរ​ ជាពិសេសវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី កាន់តែមានការរីកចម្រើនទៅមុខ។ វិស័យពាណិជ្ជកម្មរវាងភាគីទាំងពីរ មានការកើនឡើង១,៦ពាន់លានដុល្លារនៅឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០១៩ សម្រេចបានទំហំពាណិជ្ជកម្មចំនួន២,៣ពាន់លានដុល្លារ ខណៈនៅឆ្នាំ២០២០ មានទំហំពាណិជ្ជកម្មចំនួន​១៦៩២លានដុល្លារ និងឆ្នាំ២០២១ មានទំហំពាណិជ្ជកម្មចំនួនជាង១៧០០លានដុល្លារ។

ចំណែកទំហំវិនិយោគរវាងប្រទេសទាំងពីរ គិតចាប់ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០២០ គម្រោងវិនិយោគរបស់ជប៉ុននៅកម្ពុជា មានចំនួន ១៤៤គម្រោង ដែលមានទុនសរុបជិត៣ពាន់លានដុល្លារអាមេរិក៕