រដ្ឋមន្ត្រីពាណិជ្ជកម្ម បណ្តុះស្មារតីឱ្យរួមគ្នាជំរុញផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ មិនមែនគ្រាន់តែជាវត្ថុអនុស្សាវរីយ៍ប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីអត្តសញ្ញាណ វប្បធម៌ ប្រពៃណី និងមរតករបស់ជាតិផងដែរ។ទន្ទឹមគ្នានេះ លោកស្រី បានបណ្តុះស្មារតីឱ្យរួមគ្នាជំរុញផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រីថ្លែងដូច្នេះ នៅក្នុងឱកាសអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវេទិកាជាតិលើកទី១ ស្តីពី «ការជំរុញផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ» នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។

នាឱកាសនោះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប ក្នុងស្មារតីបំពេញឱ្យគ្នាទៅវិញទៅមក សំដៅជំរុញផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ មិនមែនគ្រាន់តែជាវត្ថុអនុស្សាវរីយ៍ប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីអត្តសញ្ញាណ វប្បធម៌ ប្រពៃណី និងមរតករបស់ជាតិ ដែលមានសក្តានុពលខ្ពស់ក្នុងការបង្កើតតម្លៃបន្ថែម ជំរុញសេដ្ឋកិច្ចច្នៃប្រឌិត (Creative Economy) បង្កើនប្រាក់ចំណូលដល់ប្រជាជនមូលដ្ឋាន និងពង្រីកទីផ្សារនាំចេញ។

ជាថ្មីក្តីទៀត រដ្ឋមន្ត្រីពាណិជ្ជកម្មរូបនេះ ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធការលើកកម្ពស់ផលិតផលកម្ពុជា តាមរយៈការធ្វើទំនើបកម្មសេវាសាធារណៈ កិច្ចការពារអ្នកប្រើប្រាស់ ការជំរុញការធ្វើពាណិជ្ជូបនីយកម្មកម្មសិទ្ធិបញ្ញា ការបង្កើតម៉ាកវិញ្ញាតកម្ម (Certification Mark) សម្រាប់ផលិតផលសក្តានុពល ក៏ដូចជាយុទ្ធនសការ #MadeInCambodia និង #MadeByHer និងការជំរុញការធ្វើពាណិជ្ជកម្មតាមថ្នាល CambodiaTrade.com នៅកម្ពុជាផងដែរ៕ អត្ថបទ៖ហ្សាលីន