ក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ី ប្តេជ្ញាផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Phoenix Voyages Group Limited ដែលជាក្រុមហ៊ុនទេសចរណ៍ឈានមុខគេមួយនៅអាស៊ី បានប្តេជ្ញាចិត្តបន្តកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ពិភពលោក។នេះបើយោងតាមជំនួបពិភាក្សារនាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ រវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Edouard GEORGE ប្រធានក្រុមហ៊ុន Phoenix Voyages Group Limited។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោកប្រធានក្រុមហ៊ុន បានលើកឡើងពីគម្រោងរៀបចំព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គ «Angkor Ultra Trail» លើកទី១០ ដែលនឹងប្រព្រឹត្តទៅនាខែមករា ឆ្នាំ២០២៧ ខាងមុខ ដែលការរៀបចំព្រឹត្តិការណ៍​រត់ប្រណាំង​នេះ​ ក៏ជា​ឱកាសអបអរសាទរខួប​១០ឆ្នាំ នៃការរៀបចំព្រឹត្តិការណ៍នេះនៅកម្ពុជាផងដែរ។ លោក ក៏បានជម្រាបពីគំនិតផ្តួចផ្តើមក្នុងការរៀបចំព្រឹត្តិការណ៍កីឡា​ និងព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ព្រមទាំងបានបង្ហាញពីប្រតិបត្តិការអាជីវកម្ម និងផែនការបន្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាបន្ថែមទៀត។

លោក ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តបន្តកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ពិភពលោក សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។

ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ និងការផ្សព្វផ្សាយវប្បធម៌កម្ពុជាទៅកាន់ពិភពលោក តាមរយៈការរៀបចំព្រឹត្តិការណ៍ «Angkor Ultra Trail» ជាបន្តបន្ទាប់។ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន​ បន្តសហការឱ្យបានជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំព្រឹត្តិការណ៍ «Angkor Ultra Trail» នេះឱ្យទទួលបានជោគជ័យ និងបន្តរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាបន្ថែមទៀត។

សូមជម្រាបថា Phoenix Voyages Group គឺជាក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ឈានមុខគេមួយនៅអាស៊ី ដែលមានបទពិសោធន៍ជាង២៥ឆ្នាំក្នុងវិស័យទេសចរណ៍។ ក្រុមហ៊ុននេះមានជំនាញខ្ពស់ក្នុងការរៀបចំកញ្ចប់ទេសចរណ៍ចម្រុះ ទាំងលក្ខណៈឯកជន និងសម្រាប់ភ្នាក់ងារ ឬក្រុមហ៊ុនទេសចរណ៍នានាជុំវិញពិភពលោក ដោយផ្តោតសំខាន់លើគុណភាពសេវាកម្ម និងភាពច្នៃប្រឌិត៕ អត្ថបទ៖ហ្សាលីន