ធនាគារជាតិនៃកម្ពុជា៖ ប្រាក់រៀលបន្តរក្សាស្ថិរភាពល្អប្រសើរ ក្នុងអត្រាប្តូរប្រាក់ជាមធ្យម ៤ ០១៧រៀលក្នុង១ដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ប្រាក់រៀលកម្ពុជា បន្តរក្សាបាននូវស្ថិរភាពល្អប្រសើរគួរឱ្យកត់សម្គាល់ បើទោះបីជាសេដ្ឋកិច្ចសកល និងក្នុងស្រុកកំពុងប្រឈមនឹងសម្ពាធអតិផរណាខ្ពស់ និងការថយចុះល្បឿនសកម្មភាពសេដ្ឋកិច្ចក៏ដោយ។ នេះជាសញ្ញាវិជ្ជមានមួយ ដែលឆ្លុះបញ្ចាំងពីភាពរឹងមាំ នៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ ប្រាក់រៀលបានប្រែប្រួលត្រឹម ០.៩% ប៉ុណ្ណោះ ដោយមានអត្រាប្តូរប្រាក់ជាមធ្យម ៤ ០១៧រៀល ក្នុងមួយដុល្លារអាមេរិក។

ទោះបីជាបានថយថ្លៃ ០.១% ធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ (៤ ០១១រៀល ក្នុងមួយដុល្លារអាមេរិក) ក៏ដោយ ក៏ប្រាក់រៀលបានឡើងថ្លៃ ០.៦% ធៀបនឹងគ្រាដូចគ្នា​ ឆ្នាំ២០១៦-២០១៩ (៤ ០៣៩ រៀលក្នុងមួយដុល្លារអាមេរិក)។ អត្រាប្តូរប្រាក់មានការប្រែប្រួលតិច ក្នុងរយៈពេល២ឆ្នាំចុងក្រោយត្រឹមជាមធ្យម ១% បើធៀបនឹងការប្រែប្រួលជាមធ្យម ២.៤% ក្នុងចន្លោះឆ្នាំ២០២០-២០២៤។

បើតាមរបាយការណ៍, កំណើនសេដ្ឋកិច្ចកម្ពុជា បានថមថយបន្តិច ដោយសាររងឥទ្ធិពល ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងបញ្ហាប្រឈមក្នុងស្រុកមួយចំនួន។ វិស័យទេសចរណ៍ បានថមថយ ស្របពេលដែលវិស័យសំណង់ និងអចលនទ្រព្យមានភាពទន់ខ្សោយ ហើយវិស័យកសិកម្មមានកំណើនទាប។

ទោះយ៉ាងណា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ ដែលគាំទ្រដោយការកើនឡើងនៃការនាំចេញ ការវិនិយោគផ្ទាល់បរទេស និងការងើបឡើងនៃផលិតកម្មក្នុងស្រុក។ ជាមួយគ្នានេះ ទុនបម្រុងអន្តរជាតិបន្តស្ថិតក្នុងកម្រិតគ្រប់គ្រាន់ ដែលជាសសរស្តម្ភគាំទ្រការអនុវត្តនយោបាយអត្រាប្តូរប្រាក់និងការទូទាត់អន្តរជាតិ។

អតិផរណារួមបានហក់ឡើង ដោយសារតម្លៃប្រេងពិភពលោកឡើងថ្លៃ ដែលនាំឱ្យក្រុមថ្លៃប្រេងឥន្ធនៈ ម្ហូបអាហារ និងភោជនីយដ្ឋានកើនឡើងយ៉ាងឆាប់រហ័ស។ ប៉ុន្តែសម្ពាធអតិផរណា ត្រូវបានកាត់បន្ថយដោយសារគោលនយោបាយរបស់រដ្ឋាភិបាលលើការបន្ថយពន្ធលើប្រេងឥន្ធនៈ គួបផ្សំនឹងការរក្សាបានស្ថិរភាពល្អប្រសើរនៃអត្រាប្តូរប្រាក់៕