ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ ករណីបើកឡានបុកមនុស្សស្លាប់ រត់គេចខ្លួន នឹងជាប់បទល្មើសចំនួនពីរ

សង្គម​ និង​សេដ្ឋកិច្ច

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្លាប់បានលើកឡើងថា ករណីបើកឡានបុកមនុស្សស្លាប់ ហើយរត់គេចខ្លួន គឺមិនមែនជាប់បទល្មើសតែមួយនោះទេ ពោលគឺនឹងត្រូវជាប់បទល្មើសចំនួនពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន នាពេលកន្លងមកបែបនេះថា៖ “បើសិន​ជា​បុកគេ​ហើយ រត់គេចខ្លួន សូមបញ្ជាក់មិនមែនបទល្មើសតែមួយទេ គឺបទល្មើសចំនួនពីរ។ រឿងបុកគេមួយហើយ កុំទាន់​គិត​ថា​ខុសឬត្រូវ ប៉ុន្តែរឿងទីពីរគឺបទល្មើសរត់គេចខ្លួនមួយទៀត។ ចំណុចនេះ​វិធានការ​ត្រូវតែម៉ឺងម៉ាត់ និង​ត្រូវ​យក​ចិត្ត​ទុកដាក់ជាអាទិភាព”។

តើការបើកបរយានយន្តបណ្តាលឱ្យមនុស្សស្លាប់ ហើយបើ​ម្ចាស់​រថយន្ដ​បុក​គេ​ស្លាប់ ​រត់គេច​ខ្លួន​ នឹង​មានទោស​អ្វីខ្លះ?

យោង​តាម​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក ជំពូក​ទី​៦ ត្រង់​មាត្រា​៣៥ ក្នុង​ករណី​មាន​គ្រោះថ្នាក់​ចរាចរណ៍ ភាគី​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់ ត្រូវ​បញ្ឈប់​យាន​របស់​ខ្លួន​ជា​បន្ទាន់ ដោយ​មិន​ធ្វើ​ឲ្យ​រំខាន ឬ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ទៀត​។ មិន​ត្រូវធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ដល់ទី​កន្លែង​កើតហេតុ ឬ​ឲ្យ​បាត់ដាន ឬ​ស្នាម ដែល​ជា​កត្តា​ប្រយោជន៍​ដល់​ការ​ស្វែងរក​អ្នក​ទទួលខុសត្រូវ​ក្នុង​រឿង​គ្រោះថ្នាក់។ ត្រូវ​ជូនដំណឹង​ជា​បន្ទាន់​ទៅ​អាជ្ញាធរ​ដែនដី ឬ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៅ​ជិត​បំផុត។ មិន​ត្រូវ​ប្រើ​ហិង្សា ឬ​បង្កជម្លោះ​រវាង​ភាគី​ពាក់ព័ន្ធ។ មិន​ត្រូវ​ចាក​ចេញពី​កន្លែង​កើតហេតុ​មុន​ការ​ព្រមព្រៀង​គ្នា ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​នគរបាល​ចរាចរណ៍​ផ្លូវគោក។

ក្នុង​ជំពូក​ទី​១០ ស្ដី​ពី​ទោស​ប្បញ្ញត្តិ ត្រង់​មាត្រា​៨៥ ជន​ណា​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​ដែល​បទ​ប្បញ្ញត្តិ​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក បណ្ដាល​ឲ្យ​ស្លាប់​អ្នក​ដទៃ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន ដល់​១៥​លាន​រៀល និង​អាច​ត្រូវ​ផ្ដន្ទាទោស​ដោយ​ទោស​បន្ថែម​មួយ ឬ​ច្រើន ដូច​មាន​ចែង​ក្នុង​មាត្រា​៥៣ (​ប្រភេទ​នៃ​ទោស​បន្ថែម​នៃ​ក្រមព្រហ្មទណ្ឌ​)។

អំពើ​ល្មើស​ខាងលើ​នេះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១០​លាន ដល់​២៥​លាន​រៀល កាលបើ​អំពើ​នេះ​បាន​ប្រព្រឹត្ត​ក្នុង​ករណី​ណាមួយ​ដូច​ជា បើកបរ​ដោយ​គ្មាន​ប័ណ្ណបើកបរ ឬ​មាន​ប័ណ្ណបើកបរ​តែ​មិន​ត្រឹមត្រូវ​តាម​ប្រភេទ​យានយន្ដ។ ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ដោយ​មាន​អត្រា​ជាតិ​អាល់កុល​ចាប់ពី​០,៤០​មី​លី​ក្រាម​ក្នុង​១​លី​ត្រ​ខ្យល់ ឬ​ចាប់ពី​០,៨០​ក្រាម​ក្នុង​១​លី​ត្រ​ឈាម​ឡើង​ទៅ​។ បណ្ដាល​ឲ្យ​មាន​ស្លាប់​មនុស្ស​ច្រើន​នាក់។ រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ ក្នុង​គោលបំណង​គេចវេះ​ពី​ការ​ទទួលខុសត្រូវ៕