ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្លាប់បានលើកឡើងថា ករណីបើកឡានបុកមនុស្សស្លាប់ ហើយរត់គេចខ្លួន គឺមិនមែនជាប់បទល្មើសតែមួយនោះទេ ពោលគឺនឹងត្រូវជាប់បទល្មើសចំនួនពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន នាពេលកន្លងមកបែបនេះថា៖ “បើសិនជាបុកគេហើយ រត់គេចខ្លួន សូមបញ្ជាក់មិនមែនបទល្មើសតែមួយទេ គឺបទល្មើសចំនួនពីរ។ រឿងបុកគេមួយហើយ កុំទាន់គិតថាខុសឬត្រូវ ប៉ុន្តែរឿងទីពីរគឺបទល្មើសរត់គេចខ្លួនមួយទៀត។ ចំណុចនេះវិធានការត្រូវតែម៉ឺងម៉ាត់ និងត្រូវយកចិត្តទុកដាក់ជាអាទិភាព”។
តើការបើកបរយានយន្តបណ្តាលឱ្យមនុស្សស្លាប់ ហើយបើម្ចាស់រថយន្ដបុកគេស្លាប់ រត់គេចខ្លួន នឹងមានទោសអ្វីខ្លះ?
យោងតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ជំពូកទី៦ ត្រង់មាត្រា៣៥ ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ ភាគីពាក់ព័ន្ធនឹងគ្រោះថ្នាក់ ត្រូវបញ្ឈប់យានរបស់ខ្លួនជាបន្ទាន់ ដោយមិនធ្វើឲ្យរំខាន ឬបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃទៀត។ មិនត្រូវធ្វើឲ្យមានការប្រែប្រួលដល់ទីកន្លែងកើតហេតុ ឬឲ្យបាត់ដាន ឬស្នាម ដែលជាកត្តាប្រយោជន៍ដល់ការស្វែងរកអ្នកទទួលខុសត្រូវក្នុងរឿងគ្រោះថ្នាក់។ ត្រូវជូនដំណឹងជាបន្ទាន់ទៅអាជ្ញាធរដែនដី ឬនគរបាលចរាចរណ៍ផ្លូវគោកនៅជិតបំផុត។ មិនត្រូវប្រើហិង្សា ឬបង្កជម្លោះរវាងភាគីពាក់ព័ន្ធ។ មិនត្រូវចាកចេញពីកន្លែងកើតហេតុមុនការព្រមព្រៀងគ្នា ដោយគ្មានការអនុញ្ញាតពីនគរបាលចរាចរណ៍ផ្លូវគោក។
ក្នុងជំពូកទី១០ ស្ដីពីទោសប្បញ្ញត្តិ ត្រង់មាត្រា៨៥ ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្ដីពីចរាចរណ៍ផ្លូវគោក បណ្ដាលឲ្យស្លាប់អ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៤លាន ដល់១៥លានរៀល និងអាចត្រូវផ្ដន្ទាទោសដោយទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទនៃទោសបន្ថែមនៃក្រមព្រហ្មទណ្ឌ)។
អំពើល្មើសខាងលើនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លាន ដល់២៥លានរៀល កាលបើអំពើនេះបានប្រព្រឹត្តក្នុងករណីណាមួយដូចជា បើកបរដោយគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរតែមិនត្រឹមត្រូវតាមប្រភេទយានយន្ដ។ ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី០,៤០មីលីក្រាមក្នុង១លីត្រខ្យល់ ឬចាប់ពី០,៨០ក្រាមក្នុង១លីត្រឈាមឡើងទៅ។ បណ្ដាលឲ្យមានស្លាប់មនុស្សច្រើននាក់។ រត់គេចខ្លួនពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេះពីការទទួលខុសត្រូវ៕

