នារសៀលថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវអ្នកឧកញ៉ា ចាន់ សុទ្ធា ទីប្រឹក្សាជាន់ខ្ពស់ នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងជាអគ្គនាយិកា ក្រុមហ៊ុន សេនជូរី គ្រុប បានឧបត្ថម្ភគ្រែសម្រាកព្យាបាលចំនួន ២០០គ្រែ និងគ្រែសង្គ្រោះបន្ទាន់កុមារចំនួន ៥គ្រែ ក្នុងគ្រែមួយមានតម្លៃ ២០០០ដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។

ការឧបត្ថម្ភគ្រែនេះ ជាការឧបត្ថម្ភបន្ថែមក្នុងឱកាសដែលលោកជំទាវអ្នកឧកញ៉ា អញ្ជើញអមដំណើរ លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដឹកនាំសមាជិក-សមាជិកា នាំយកថវិកាបរិច្ចាគ ចំនួន ៥០,៩៩៩.៩៩ដុល្លារ ឧបត្ថម្ភជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ដែលជាគំនិតផ្តួចផ្តើមដ៏មានអត្ថន័យ និងពោរពេញដោយស្មារតីសប្បុរសធម៌ ដែល លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
លោកអ្នកឧកញ៉ា លី ហួរ បានមានប្រសាសន៍ថា មន្ទីរពេទ្យគន្ធបុប្ផា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសង្គ្រោះអាយុជីវិត និងថែទាំសុខភាពកុមារកម្ពុជា រាប់លាននាក់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដូច្នេះការចូលរួមរបស់យើងម្នាក់ បន្តិចៗ នឹងក្លាយជាកម្លាំងដ៏ធំមួយ ដើម្បីធានាថា មន្ទីរពេទ្យនៅតែអាចបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជួយសង្គ្រោះជីវិតកុមារកម្ពុជាបាន៕




