រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ ពង្រីកសកម្មភាពសេដ្ឋកិច្ច

សង្គម​ និង​សេដ្ឋកិច្ច

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី មិនមែនគ្រាន់តែជាការពង្រីកម៉ោងទស្សនាកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ ពង្រីកសកម្មភាពសេដ្ឋកិច្ច និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងបែបនេះក្នុងឱកាសដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាកម្មកម្សាន្តទេសចរណ៍ពេលរាត្រីរបស់សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញសក្តានុពលទេសចរណ៍នៅតំបន់ប្រាសាទបាគង តាមរយៈការតភ្ជាប់ការទសន្សនាប្រាសាទ និងទេសភាពជនបទ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកកម្សាន្តឱ្យបានកាន់តែច្រើនឡើង និងស្នាក់នៅកាន់តែយូរនៅក្នុងខេត្តសៀមរាប។

លោកលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់វិស័យទេសចរណ៍ជាវិស័យអាទិភាពមួយ ដែលចាត់ទុកថា «ជាមាសបៃតង» សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។ ជាពិសេស រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដោយ​ទទួលស្គាល់ថា សហគមន៍គឺជាឆ្អឹងខ្នងដ៏សំខាន់មួយ នៃការអភិវឌ្ឍ​វិស័យ​ទេស​ចរណ៍​ ប្រកបដោយចីរភាព។

លោកបន្តថា សមិទ្ធផលនៃសេវាកម្មទេសចរណ៍ថ្មីរបស់សហគមន៍បាគងភូមិខ្ញុំនៅថ្ងៃនេះ ពិតជាឆ្លើយតបបាននឹង គោលបំណងរបស់រាជរដ្ឋាភិបាលដែលបានអនុញ្ញាតជាគោលការណ៍ឱ្យបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា សំដៅជំរុញសកម្មភាពទេសចរណ៍នាពេលរាត្រី ឱ្យបានកាន់តែសម្បូរបែប, បង្កើនការទាក់ទាញភ្ញៀវទេសចរបន្ថែម និងពន្យាការ​ស្នាក់នៅរបស់ភ្ញៀវទេសចរ៕