ស​​ម្ដេចតេជោ ហ៊ុន សែន ផ្ញើលិខិតទៅលោកជំទាវប្រធានសភាជាតិទីម័រឡេស្តេ អបអរសាទរដែល បានចូលជាសមាជិកពេញសិទ្ធិអាស៊ាន

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើលិខិតទៅលោកជំទាវ ម៉ារៀ ហ្វេណានដា ឡៃ ប្រធានសភាជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដើម្បីចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុត ក្នុងឱកាសជាប្រវត្តិសាស្ត្រ ដែលសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានចូលរួមជាសមាជិក ពេញសិទ្ធិ នៃសមាគមអាស៊ាន ក្នុងខែតុលា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារលិខិត ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្ស រីករាយយ៉ាងខ្លាំង សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ លោកជំទាវសភាជាតិ និង ប្រជាជន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្នុងឱកាសជាប្រវត្តិសាស្ត្រ នៃការចូលរួមជាសមាជិក ពេញសិទ្ធិ នៃសមាគមអាស៊ានក្នុងខែតុលា ឆ្នាំ២០២៥»។

សម្ដេចតេជោ បានបញ្ជាក់ថា សមិទ្ធផលដ៏អស្ចារ្យនេះ ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងឥតងាករេរបស់ស្ថាប័ន និងប្រជាជនរបស់ទីម័រឡេស្តេ និងគោលដៅរួមរបស់តំបន់ នៃការធ្វើសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។ ដំណើររបស់ទីម័រឡេស្តេ ចាប់តាំងពីការទទួលស្គាល់ជាគោលការណ៍ជាសមាជិកអាស៊ាន នៅសន្និសីទកំពូលអាស៊ានលើកទី៤០ និង៤១ នៅប្រទេសកម្ពុជា ឆ្នាំ២០២២ រហូតដល់ការចូលជាសមាជិកពេញសិទ្ធិនេះ គឺជាសក្ខីភាព នៃឆន្ទៈជាតិរបស់ទីម័រឡេស្តេ និងសាមគ្គីភាពតំបន់។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ក្នុងនាមជាមិត្តដ៏យូរអង្វែង កម្ពុជាមានមោទនភាពយ៉ាងខ្លាំង ដែលបានគាំទ្រទីម័រឡេស្តេ ក្នុងដំណើរចូលរួមជាសមាជិកអាស៊ាន។

សម្ដេចតេជោ មានជំនឿជាក់ថា ការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេ នឹងពង្រឹងឯកភាពអាស៊ាន និងជំរុញកិច្ចសហប្រតិបត្តិការរវាងសភា និងការអភិវឌ្ឍតំបន់ក្នុងបរិបទដែលពិភពលោកកំពុងមានបញ្ហាប្រឈមកាន់តែស្មុគស្មាញ។

ទន្ទឹមនឹងនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីការទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយលោកជំទាវ ប្រធានសភាជាតិទីម័រឡេស្តេ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ និងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជាតិទាំងពីរ និងផលប្រយោជន៍រួមរបស់សហគមន៍អាស៊ាន៕