ធនាគារជាតិនៃកម្ពុជា បានប្រកាសនាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះថា បានដាក់ឱ្យជម្រះបញ្ជីគ្រឹះស្ថានធនាគារចំនួន ៣ ដែលមិនសូវមានប្រតិបត្តិការសកម្មក្នុងសេដ្ឋកិច្ច បន្ទាប់ពីអាជីវកម្មរបស់គ្រឹះស្ថានទាំងនេះទទួលរងផលប៉ះពាល់ជាបន្តបន្ទាប់ពីកត្តាមួយចំនួន។ ចំណែកទីផ្សាររបស់គ្រឹះស្ថានទាំង ៣ បូកបញ្ចូលគ្នាមានទំហំតួចប៉ុណ្ណោះធៀបនឹងប្រព័ន្ធធនាគារទាំងមូល ដែលអ្នកជំនាញផ្នែកហិរញ្ញវត្ថុលើកឡើងថា ការសម្រេចនេះនឹងមិនបង្កផលប៉ះពាល់ទៅលើវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជានោះទេ។

យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានធនាគារទាំង ៣ នោះរួមមាន ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក (ដែលត្រូវបានដាក់ឱ្យជម្រះបញ្ជីដោយក្រុមហ៊ុន រីចឆ៍ & ផាតនើរ) និង ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក និងធនាគារ អេចអេច (ខេមបូឌា) ម.ក (ដែលធនាគារទាំងពីរនេះត្រូវបានដាក់ឱ្យជម្រះបញ្ជីដោយក្រុមហ៊ុន បេឃើរ ធីលលី (ខេមបូឌា) ឯ.ក)។
តួលេខផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារទាំង ៣ បូកបញ្ចូលគ្នាមានចំណែកត្រឹមតែ ០,៥% ប៉ុណ្ណោះធៀបនឹងទំហំសរុបក្នុងប្រព័ន្ធធនាគារ ក្នុងនោះទ្រព្យសកម្មមាន ០,៥% ប្រាក់បញ្ញើ ០,៥% និងឥណទាន ០,៥%។
ការដាក់ឱ្យជម្រះបញ្ជីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលមិនមានអនុលោមភាពគឺជាប្រក្រតីភាពនៃការអនុវត្តការងាររបស់ធនាគារកណ្តាលដែលជាអាជ្ញាធរត្រួតពិនិត្យប្រព័ន្ធធនាគារ ក្នុងគោលដៅរក្សាស្ថិរភាព តម្លាភាព និងកេរ្តិ៍ឈ្មោះនៃប្រព័ន្ធធនាគារទាំងមូល
គួរឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានអនុវត្តនីតិវិធីជម្រះបញ្ជីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលមិនមានអនុលោមភាពនេះតាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មកម្ល៉េះ ហើយស្ថិរភាពប្រព័ន្ធធនាគារក៏បានលើកកម្ពស់ជាបន្តបន្ទាប់គិតមកទល់ពេលនេះ។ គួររំលេចថា ថ្មីៗនេះ ធនាគារពាណិជ្ជពីរផ្សេងទៀតក៏ត្រូវបានដាក់ឱ្យជម្រះបញ្ជីរួចហើយដែរ គឺ ធនាគារ ព្រីនស៍ និងធនាគារ ផេនដា។ យ៉ាងណាក៏ដោយ បើទោះបីជា បូកបន្ថែមទំហំប្រតិបត្តិការរបស់គ្រឹះស្ថានទាំង ៣ ដែលទើបដាក់ឱ្យជម្រះបញ្ជីជាមួយគ្រឹះស្ថានទាំង ២ ខាងលើ ក៏ចំណែកទីផ្សាររបស់គ្រឹះស្ថានទាំង ៥ បូកបញ្ចូលគ្នាមានប្រមាណត្រឹមតែ ១% ប៉ុណ្ណោះនៃប្រព័ន្ធធនាគារទាំងមូល។
ចាប់តាំងពីការធ្វើអាជីវកម្មក្នុងឆ្នាំ២០១៩ ប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារទាំង ៣នេះ បានរងប៉ះពាល់ជាបន្តបន្ទាប់ និងមិនអាចស្តារឡើងវិញបាន ដោយសារកត្តាមួយចំនួនដូចជា វិបត្តិជម្ងឺកូវីដ-១៩ ស្ថានភាពសេដ្ឋកិច្ចមិនអំណោយផល គួបផ្សំនឹងការប៉ះពាល់កេរ្តិ៍ឈ្មោះ ដោយសារមាន មតិសាធារណៈមួយចំនួនដែលផ្សារភ្ជាប់គ្រឹះស្ថាននេះទៅនឹងសកម្មភាពមិនស្របច្បាប់មួយចំនួន៕



